បាល់ទាត់បានផ្លាស់ប្តូរយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ FIFA កំពុងសម្លឹងរកមើលការកែប្រែដ៏ធំមួយទៀត ចំពោះការប្រកួត និងដកចេញនូវលទ្ធភាពនៃកំហុសរបស់មនុស្ស ពីការសម្រេចចិត្តចំពោះបាល់ offside។
លោក Arsene Wenger ប្រធានផ្នែកអភិវឌ្ឍន៍កីឡាបាល់ទាត់ពិភពលោករបស់ FIFA ចង់បានការសម្រេចចិត្តបាល់ offside ដោយស្វ័យប្រវត្តិទាំងស្រុង ដោយចង់លុបចោលការសម្រេចចិត្តរបស់អាជ្ញាកណ្តាលខ្សែបន្ទាត់។
លោក Wenger បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉ារីសថា៖ «មានលទ្ធភាពជាច្រើន។ ខ្ញុំត្រូវតែរក្សារឿងសម្ងាត់ ប៉ុន្តែនឹងមានការវិវត្តធំមួយក្នុងការកាត់ក្តីបាល់ offside។ អ្វីគ្រប់យ៉ាងកំពុងត្រូវបានសិក្សាលើបច្ចេកវិទ្យា ថែមទាំងការកំណត់ថា តើកម្រិត ៥ ឬ ៦ សង់ទីម៉ែត្រគឺ offside ឬអត់»។
FIFA មានបំណងឱ្យបច្ចេកវិទ្យាចាប់បាល់ offside ដោយស្វ័យប្រវត្តិនេះ មានប្រសិទ្ធភាពនៅឆ្នាំ ២០២២ ដែលបន្ទាប់មកយកវាទៅអនុវត្តនៅការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា។
ទោះយ៉ាងណាក៏ដោយគួរកត់សំគាល់ថា ការផ្លាស់ប្តូរនេះនឹងត្រូវអនុម័តឲ្យប្រើប្រាស់នៅក្នុងខែមីនាខាងមុខ ដែលយើងនឹងឃើញវានៅក្នុងការប្រកួតឆ្នាំ ២០២៣៕