យោងតាមសារព័ត៌មាន Stretty News បានអោយដឹងថាក្លឹប Newcastle United នឹងសម្រុកចូលទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខនេះ បន្ទាប់ពីបានទាក់ទងជាផ្លូវការជាមួយតំណាងរបស់ខ្សែប្រយុទ្ធ Anthony Martial របស់ក្រុម Manchester United ។ ម្ចាស់ថ្មីកំពុងសម្លឹងរកការពង្រឹងក្រុមរបស់ពួកគេនៅខែមករា ដោយព្យាយាមចុះហត្ថលេខាលើកីឡាករល្បីៗមួយចំនួន។
Anthony Martial បានតស៊ូដើម្បីស្តាទម្រង់លេងចាប់តាំងពីរដូវកាលមុន ប៉ុន្តែវាត្រូវបានធ្លាក់ចុះជាលំដាប់ ចាប់តាំងពីរការមកដល់របស់កីឡាករ Cristiano Ronaldo និង Jadon Sancho ។ ក្រុមបិសាចក្រហម Manchester United អាចត្រូវបានល្បួងឱ្យលក់កីឡាករវ័យ ២៥ ឆ្នាំរូបនេះក្នុងតម្លៃសមរម្យ។ ទោះយ៉ាងណាបិសាចក្រហមត្រូវបានគេរាយការណ៍ថា ចង់យកមកវិញនូវទឹកប្រាក់ចំនួន ៥៤លានផោន ដែលពួកគេបានចំណាយទៅឱ្យ AS Monaco ដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធរូបនេះ កាលពីឆ្នាំ ២០១៥ ។
ក្រៅពីក្រុមបិសាចក្រហម Manchester United ក្រុម Newcastle United ក៏កំពុងតាមប្រមាញ់អ្នកចាំទីរបស់ក្រុម Burnley គឺកីឡាករ Nick Pope ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ Caught Offside ។
ក្រុម Newcastle United មានមហិច្ឆតាខ្លាំងនៅរដូវកាលនេះ ដោយគោលបំណងចម្បងរបស់ពួកគេគឺការប្រកួតប្រជែងដណ្តើមពានរង្វាន់ Premier League ។ ទោះយ៉ាងណាក៏ដោយម្ចាស់ថ្មីនឹងមានការលំបាក សម្រាប់ការប្រជែងនេះ ខណៈដែលក្រុម Newcastle United បច្ចុប្បន្នឈរនៅលេខរៀងទី ១៩ ក្នុងតារាង Premier League ។ ពួកគេទទួលបានតែ ៣ពិន្ទុប៉ុណ្ណោះ ក្នុងការប្រកួត ៧លើករបស់ពួកគេ៕