ក្រុមចោរបានបន្លំចូលលួចលុយ និងគ្រឿងអលង្ការក្នុងបន្ទប់មួយនៅសណ្ឋាគារលំដាប់ផ្កាយ ៥ មានទីតាំងនៅទីក្រុងប៉ារីស ដែល Lione Messi កំពុងស្នាក់នៅ ។
ក្រុមចោរបានចូលក្នុងសណ្ឋាគារ Le Royal Monceau ដោយឡើងតាមដំបូល និងលួចចូលក្នុងបន្ទប់តាមទ្វារយ៉រ ដែលមិនចាក់សោនៅមួយជាន់លើបន្ទប់ Messi ស្នាក់នៅ ។
កាមេរ៉ាសុវត្ថិភាព ថតបានបុរសពាក់ម៉ាស់ ២នាក់តោងចុះចូលបន្ទប់ជាន់ទី ៦ កាលពីថ្ងៃពុធសប្ដាហ៍មុន ។ នៅរាត្រីនោះ PSG បានធ្វើដំណើរទៅលេងនៅទឹកដី ពោលគឺប្រកួតជាមួយក្រុម Metz ប៉ុន្តែ Messi មិនបានទៅជាមួយទេ ដោយស្នាក់ក្នុងសណ្ឋាគារព្រោះតែមានរបួស។
ជនរងគ្រោះម្នាក់ ដែលជាទីប្រឹក្សាហិរញ្ញវត្ថុ ក្នុងទីក្រុងឌុយបៃ បាននិយាយថា នាងបានបាត់ខ្សែកមាស តម្លៃ ៣០០០ ផោន ក្រវិល តម្លៃ ៥០០ ផោន និងលុយ ២០០០ ផោន។ យ៉ាងណាជាសំណាងល្អ បន្ទប់របស់ Messi មិនត្រូវបានចោរចូលឡើយ ហើយដំណឹងខាងលើ ទើបតែបែកធ្លាយថ្មីៗនេះឯង។ បញ្ជាក់ផងដែរ ឈុតបន្ទប់ដែល Messi ស្នាក់នៅមានតម្លៃ១៧០០០ផោន មួយយប់៕