ខ្សែបម្រើ Frenkie de Jong របស់ Barcelona បានព្រមាន Barcelona អំពីការបណ្ដេញលោក Ronald Koeman ចេញពីតំណែង ទោះបីជាពួកគេបរាជ័យ ៣-០ ក្រោមថ្វីជើង Benfica ក្នុងការប្រកួត UEFA Champions League កាលពីយប់មិញនេះក៏ដោយ។
ខ្សែបម្រើហូឡង់វ័យ ២៤ឆ្នាំរូបនេះ បានអះអាងថា លោក Koeman មិនមែនជាហេតុផលដែល Barca ឈ្នះតែមួយប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយនោះទេ ទោះពួកគេចាប់ផ្ដើម Champions League ជាមួយស្ថិតិដ៏ពិបាកទទួលយក នៅក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប។
ទោះជាយ៉ាងណា លោក Koeman យល់ពីការគាំទ្រពីសំណាក់កីឡាកររបស់លោក បន្ទាប់ពីចាញ់ Benfica ស្របពេលលោកមានការពិបាក ក្នុងការស្រោចស្រង់ស្ថានភាពរបស់ក្រុមនាពេលបច្ចុប្បន្ន។
De Jong បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ “ខ្ញុំមិនអាចនិយាយអ្វីបានទេអំពី Koeman វាមិនមែនសម្រាប់ខ្ញុំ ដើម្បីនិយាយឡើយ។ ខ្ញុំគិតថា ការប្ដូរគ្រូបង្វឹកគឺមិនអាចដោះស្រាយបញ្ហាបាននោះឡើយ”។
“យើងកំពុងព្យាយាមធ្វើគ្រប់យ៉ាង ប្រឹងប្រែងខ្លាំងពេលហ្វឹកហាត់ យើងកំពុងព្យាយាមឱ្យអស់ពីសមត្ថភាពរបស់ពួកយើងនៅលើទីលាន ប៉ុន្ដែថ្ងៃនេះ មិនមែនជាថ្ងៃល្អរបស់យើងទេ វាបានបង្ហាញយ៉ាងច្បាស់”៕