អ្នកចាត់ការទូទៅក្លិបយក្សបារាំង Paris Saint-Germain លោក Mauricio Pochettino បានទម្លាយឱ្យដឹងថា បញ្ហារបួសជាមូលហេតុចម្បងដែល លោកសម្រេចចិត្តប្ដូរ Lionel Messi ចេញជាបន្ទាន់នោះ។
Messi ហាក់បង្ហាញអារម្មណ៍មិនសប្បាយចិត្ត នៅពេលដែលខ្លួនត្រូវប្ដូរកីឡាករផ្សេងជំនួសនៅលើទីលាន ប៉ុន្ដែលោក Pochettino និយាយថា គេមានបញ្ហារបួសនៅលើជង្គង់ខាងឆ្វេង។
កំពូលខ្សែប្រយុទ្ធជើងឆ្វេងវ័យ ៣៤ឆ្នាំរូបនេះ នឹងខកខានការប្រកួតក្រៅទឹកដីទល់នឹង Metz នាថ្ងៃពុធនេះ ហើយមិនប្រាកដថាអាចចូលលេងបាន ក្នុងការប្រកួត UEFA Champions League ទល់នឹង Manchester City បានឬយ៉ាងណានៅឡើយទេ។
ការប្រកួតជ័យជម្នះ ២-១ លើ Lyon ជាការបង្ហាញខ្លួនលើកទី៣សម្រាប់ Messi ឱ្យក្រុម PSG ចាប់តាំងពីផ្លាស់មកចូលរួមដោយគ្មានតម្លៃផ្ទេរពី Barcelona ហើយវាជាប្រកួតដំបូងរបស់ ម្ចាស់ពាន Ballon d’Or ៦សម័យរូបនេះ នៅកីឡដ្ឋាន Parc de Princes។
ទោះជាយ៉ាងណា ក្រោយធ្វើតេស្ដសុខភាពនៅថ្ងៃអង្គាររួចមក បានបង្ហាញស្នាមជាំនៅលើឆ្អឹងរបស់ Messi ស្របពេល PSG បញ្ជាក់ថា ការពិនិត្យតាមដាន នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ៕