Cristiano Ronaldo បាន​វ៉ា​ដាច់ Lionel Messi

0

ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ប្រជែង​ជាមួយ​គូប្រជែង​ដ៏​យូរ​របស់​ខ្លួន​គឺ Lionel Messi ដើម្បី​ក្លាយជា​កីឡាករ​បាល់ទាត់ ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​របស់​ទស្សនាវដ្តី Forbes នៅ​រដូវ​កាល​នេះ បន្ទាប់​ពី​រូបគេ​បាន​វិល​ត្រឡប់​មក Manchester United វិញ​នៅ​រដូវក្តៅ​នេះ​។

ផ្អែក​លើ​របាយការណ៍​ប្រាក់ខែ និង​ចំណូល​ពាណិជ្ជកម្ម កីឡាករ Cristiano Ronaldo នឹង​ទទួល​បាន​ប្រហែល ១២៥ លាន​ដុល្លារ (៩១.៥ លាន​ផោន​) អំឡុង​រដូវ​កាល​ឆ្នាំ ២០២១-២២ ដែល​ក្នុង​នោះ ៥១.២៥ លាន​ផោន​នឹង​បាន​មក​ពី​ប្រាក់ខែ​របស់​គាត់​ពី​ក្រុម Manchester United ។

ទន្ទឹម​នឹង​នេះ​ដែរ Lionel Messi ស្ថិត​នៅ​លំដាប់​ទី ២ ដោយ​រកបាន ១១០ លាន​ដុល្លារ (៨០.៥ លាន​ផោន​) ក្នុង​រដូវ​កាល​ទី ១ របស់​គាត់​នៅ Paris Saint-Germain ហើយ​មិត្ត​រួម​ក្រុម PSG របស់ Lionel Messi គឺ Neymar និង Kylian Mbappé ធ្លាក់​បាន​ចេញពី​ចំណាត់ថ្នាក់​កំពូល​ទាំង ៤ របស់​ទស្សនាវដ្តី​មួយ​នេះ​។

Cristiano Ronaldo រកបាន​ជិត ៥៥ លាន​ដុល្លារ​នៃ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​គាត់ ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​អ្នក​ឧបត្ថម្ភ ដែល​ជា​ផ្នែក​មួយ​ខ្ពស់​បំផុត​នៅ​ក្នុង​ពិភព​កីឡា​។ មាន​តែ​កីឡាករ​ចំនួន ៣​នាក់​ប៉ុណ្ណោះ ដែល​នាំមុខ​ម្ចាស់​ពានរង្វាន់ Ballon d’Or ៥ សម័យ​ក្នុង​រឿង​នេះ​។ ពួក​គេ​គឺជា​កីឡាករ​វាយ​កូន​បាល់​ដ៏​ឆ្នើម Roger Federer (៩០ លាន​ដុល្លារ​) តារា​បាល់បោះ LeBron James (៦៥ លាន​ដុល្លារ​) និង​កីឡាករ​វាយ​កូន​ហ្គោ​ល Tiger Woods (៦០ លាន​ដុល្លារ​) ។

បញ្ជាក់​ផង​ដែរ​ថា Cristiano Ronaldo និង Lionel Messi នាំមុខ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​បាល់ទាត់​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​ទាំង ១០ របស់​ទស្សនាវដ្តី Forbes ក្នុង​រដូវ​កាល ២០២១-២២ បញ្ជី​នេះ​រួម​បញ្ចូល​ទាំង​តារា​ល្បី​ៗ ផ្សេង​ទៀត​ដែល​រួម​មាន​ដូច​ជា Neymar, Kylian Mbappé, Mohamed Salah, Robert Lewandowski, Andres Iniesta, Paul Pogba, Gareth Bale និង Eden Hazard ៕