Manchester United កំពុងមានគម្រោងក្នុងការរុះរើក្រុម នៅដើមខែមករាខាងមុខនេះ ស្របពេលកីឡាករ៧រូប ត្រូវបានរាយការណ៍ថា ស្ថិតនៅក្នុងបញ្ជីត្រូវលក់ចេញ។
ក្នុងនោះរួមមាន Donny van de Beek, Jesse Lingard, Phil Jones និង Eric Bailly ស្ថិតនៅក្នុងចំណោមកីឡាករទាំងនោះ ដែលក្លិបបិសាចក្រហមបញ្ចេញទៅឱ្យក្លិបដទៃ ស្របពេលខ្សែប្រយុទ្ធ Anthony Martial រួមជាមួយខ្សែការពារស្លាបឆ្វេងស្ដាំ Alex Telles និង Diogo Dalot ក៏ជាជម្រើសដែលត្រូវបញ្ចេញផងដែរ។
លោក Ole Gunnar Solskjaer មិនចង់ទុកកីឡាករដែលពុំសូវទទួលបានឱកាសចូលលេង នៅក្នុងការប្រកួតនោះទេ ស្របពេល Man Utd កំពុងរៀបចំពិភាក្សាអំពីអនាគតរបស់កីឡាករទាំងនោះ នៅប៉ុន្មានខែខាងមុខនេះ មុនទីផ្សារដោះដូរត្រូវបានបើកឱ្យដំណើរការ។
សូមជម្រាបថា Paul Pogba កាន់តែជិតផុតកុងត្រាជាមួយក្លិបនៅរដូវក្ដៅខាងមុខ ក៏ស្ថិតនៅក្នុងការពិភាក្សាបន្ដកិច្ចសន្យាថ្មីដែរ ខណៈដែលមានព័ត៌មានថា គេមានបំណងចង់ត្រឡប់ទៅចូលរួមជាមួយក្លិបចាស់វិញ។
ទោះយ៉ាងណាក្ដី Man Utd មានទំនុកចិត្តថាខ្សែបម្រើសញ្ជាតិបារាំងរូបនេះ នឹងបន្ដកិច្ចសន្យាថ្មីរយៈពេលវែង ជាមួយនឹងការផ្ដល់ឱ្យប្រាក់ឈ្នួលពលកម្ម ៤០ម៉ឺនផោនក្នុងមួយសប្ដាហ៍៕