Cristiano Ronaldo បានផ្ញើសារវីដេអូដ៏កក់ក្តៅមួយ ទៅកាន់កីឡាករបាល់ទាត់ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី Danny Hodgson ដែលបច្ចុប្បន្នកំពុងតស៊ូដើម្បីជីវិតរបស់គាត់ បន្ទាប់ពីត្រូវបានវាយប្រហារដោយបញ្ហារ មានឈាមហូរក្នុងខួក្បាល កាលពីដើមខែនេះ។
នៅក្នុងសារវីដេអូរបស់គាត់ Ronaldo បានជូនពរឱ្យ Hodgson ឆាប់ជាសះស្បើយ ហើយបានអញ្ជើញកីឡាកររបស់ក្លឹប ECU Joondalup ទៅមើលការប្រកួតនៅក្លឹប Manchester United នៅពេលដែលគាត់ជាសះស្បើយពីរបួស។
Cristiano Ronaldo បាននិយាយថា: «សួស្តី Danny ខ្ញុំទើបតែលឺពីប្រវត្តិរបស់អ្នក ហើយខ្ញុំសង្ឃឹមថាអ្នកនឹងជាសះស្បើយក្នុងពេលឆាប់ៗនេះ។ ខ្ញុំសូមអញ្ជើញអ្នកឱ្យមកមើលការប្រកួតមួយនៅទីក្រុង Manchester ដូច្នេះសូមឆាប់ជាសះស្បើយណាមិត្ត សូមថែរក្សាសុខភាព»។
នេះមិនមែនជាលើកទីមួយទេក្នុងខែនេះ ដែលកីឡាករ Cristiano Ronaldo បានបង្ហាញការព្រួយបារម្ភចំពោះបុគ្គលិកផ្សេងទៀត ក្នុងវិស័យបាល់ទាត់។ ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យបានទៅពិនិត្យមើលអ្នកបម្រើការក្នុងការប្រកួតនៅប្រទេសស្វីសភ្លាមៗ នៅពេលដែលគាត់ទាត់បាល់មួយគ្រាប់ប៉ះចំក្បាល។
ក្រោយមក Ronaldo បានផ្តល់អំណោយដល់អ្នកបម្រើការម្នាក់ដែលរងគ្រោះនោះ នូវអាវរបស់ក្រុម Manchester United របស់គាត់ ជាកាយវិការសុំទោស៕