តើ Lionel Messi នឹង​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​ទល់​នឹង Reims នៅ​ថ្ងៃនេះ ឬទេ?

0

តារា​ឆ្នើម​អា​ហ្ស​ង់​ទី​ន Lionel Messi ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្ហាញខ្លួន​ជា​លើក​ដំបូង​របស់​ខ្លួន​ជាមួយ​ក្រុម PSG ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម Reims នៅ​ថ្ងៃនេះ​។ ម្ចាស់​ពានរង្វាន់ Ballon d’Or ៦ សម័យកាល បាន​បញ្ចប់​ការ​ផ្លាស់​ប្តូរ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ទៅ​កាន់ PSG កាលពី​ដើមខែ​នេះ និង​បាន​ធ្វើការ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​របស់​គាត់ អស់​រយៈពេល​ជាង ២ ស​ប្តា​ហ៍​ហើយ​។

អ្នកគាំទ្រ​បាល់ទាត់​ទូ​ទាំង​ពិភពលោក បាន​រង់ចាំ​យ៉ាង​អន្ទះសារ​ចង់​ឃើញ Lionel Messi ចូលរួម​ជាមួយ​ក្លឹ​ប​ថ្មី​របស់​គាត់ ហើយ​គាត់​អាច​ចូល​ទីលាន​ជាមួយ​មិត្ត​ជិត​ស្និទ្ធ​គឺ Neymar​។

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​លទ្ធភាព​បង្ហាញខ្លួន​ដំបូង​របស់ Lionel Messi ទល់​នឹង Reims អ្នកចាត់ការ Mauricio Pochettino បាន​និយាយ​ថា​៖ « គាត់​គឺជា​កីឡាករ​អាជីព​ដ៏​អស្ចារ្យ​ម្នាក់ ដែល​សម្រប​ខ្លួន​យ៉ាង​រហ័ស​ជាមួយនឹង​មិត្ត​រួម​ក្រុម​ថ្មី​របស់​គាត់ និង​បរិបទ​ថ្មី​។ គាត់​មាន​សមត្ថភាព​សម្រប​ខ្លួន​ទៅ​នឹង​លី​ក​ថ្មី​» ។

Kylian Mbappe ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ចាកចេញ​ទៅ​កាន់​ក្លឹ​ប Real Madrid ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​អ្នកគាំទ្រ​អាច​ខកខាន​លទ្ធភាព​នៃ​ការ​ប្រកួត​របស់ MNM នោះ​គឺ Messi, Neymar និង Mbappe លេង​ជាមួយ​គ្នា​។

ទោះ​យ៉ាងណា​លោក Pochettino បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​សៅរ៍​ថា កីឡាករ​ទាំង ៣ រូប​នេះ​ប្រហែលជា​នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃ​តែ​មួយ ដោយ​លោក​បន្ត​ថា​៖ «​យើង​ត្រូវការ​វិភាគ ហើយ​យើង​នឹង​សម្រេចចិត្ត​នៅ​ពេល​ក្រោយ​។ ពួក​គេ​ប្រហែលជា​អាច​បង្ហាញខ្លួន​រួម​គ្នា​នៅ​លើ​ទីលាន​»៕