កីឡាករចំណូលថ្មីរបស់ក្លិប Manchester United គឺ Raphael Varane អាចនឹងទទួលបានលេខអាវដែលមិននឹកស្មានដល់។ យោងតាមការចុះផ្សាយរបស់ Stretty News បានឲ្យដដឹងថា Varane មានចេតនាចង់បានអាវលេខ៤ ប៉ុន្តែបច្ចុប្បន្នវាត្រូវបានពាក់ដោយកីឡាករខ្សែការពារសញ្ជាតិអង់គ្លេស វ័យ២៩ឆ្នាំ Phil Jones។
ក្រុមបិសាចក្រហម Manchester United ជិតនឹងបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Raphael Varane ពីក្លិប Real Madrid ក្នុងតម្លៃខ្លួនប្រមាណ ៤១ លានផោន។ កិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ដោយសារដំបូងខ្សែរការពារសញ្ជាតិបារាំងរូបនេះ ប្រឈមនឹងបញ្ហាទិដ្ឋាការខ្លះ ហើយក្រោយមកត្រូវនៅដាច់ដោយឡែកពីគេក្នុងចក្រភពអង់គ្លេស។ ទោះយ៉ាងណាក៏ដោយការប្រកាសជាផ្លូវការ គឺជិតមកដល់ហើយ។
នៅក្នុងឈុតជម្រើសជាតិបារាំង Varane ពាក់អាវលេខ ៤ ហើយកីឡាករវ័យ ២៨ ឆ្នាំរូបនេះពាក់អាវលេខ ២ និងលេខ ៥ អំឡុងពេលនៅ Real Madrid ។ តែទោះយ៉ាងណាក៏ដោយ បច្ចុប្បន្នលេខទាំងអស់នេះសុទ្ធសឹងតែមានម្ចាស់អស់ទៅហើយនៅក្លឹប Manchester United ដែលនេះមានន័យថា នឹងបង្ខំ Varane ឲ្យជ្រើសរើសលេខដែលគាត់មិនធ្លាប់ពាក់ពីមុនមក។
មានជម្រើសតិចតួច ដែលអាចឱ្យខ្សែការពាររូបនេះពិចារណា។ Varane អាចជ្រើសរើសអាវលេខ ១៦ ដែលធ្លាប់ត្រូវបានពាក់ដោយកីឡាករល្បីៗដូចជា Michael Carrick និង Roy Keane។ ទោះយ៉ាងណាលេខ ១៦ មិនមែនជាលេខដែលខ្សែការពារពាក់នោះទេ។
ជម្រើសមួយផ្សេងទៀតដែល Varane អាចជ្រើសរើសបានគឺលេខ ១២ ដែលត្រូវទុកឱ្យនៅទំនេរចាប់តាំងពី Chris Smalling ចាកចេញពីក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅឆ្នាំ ២០១៩ ៕