ប្រជាពលរដ្ឋខ្មែរ ៣០នាក់ ត្រូវគេនាំមកទម្លាក់ចោល នៅខេត្តស្រះកែវ ជិតព្រំដែនកម្ពុជា

0

ភ្នំពេញ៖ អាជ្ញាធរស្រុកខ្លងហាត ខេត្តស្រះកែវ សហការជាមួយកម្លាំងទាហានឈុតខ្មៅទី១៣ និងនគរបាលស្រាវជ្រាវខេត្តស្រះកែវ និងអង្គភាពពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានចូលទៅត្រួតពិនិត្យ ប្រជាពលរដ្ឋខ្មែរ (ប្រុសចំនួន១២នាក់ និងស្រី១៨នាក់) សរុបចំនួន៣០នាក់ ដែលចូលមកប្រទេសថៃ មិនបានទទួលការអនុញ្ញាត ត្រូវបានគេនាំមកទម្លាក់ នៅលើផ្លូវជាតិ ក្នុងភូមិសាស្ត្រភូមិវ៉ាំងចើក ឃុំត្រៃដៀវ ស្រុកខ្លងហាត ខេត្តស្រះកែវ ចម្ងាយពីព្រំដែនកម្ពុជា-ថៃ ប្រមាណ២០គីឡូម៉ែត្រ ដើម្បីឲ្យធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតខ្លួនវិញ ក្នុងអំឡុងស្ថានការណ៍វិបត្តិកូវីដ-១៩ ដែលកន្លែងធ្វើការភាគច្រើន ទទួលរងផលប៉ះពាល់ជំងឺនេះ មិនមានការងារធ្វើ ។

សមត្ថកិច្ចថៃបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចថៃសួរនាំ ពលរដ្ឋខ្មែរទាំងអស់ខាងលើ បានធ្វើដំណើរមកពីខេត្តឈុនបុរី ចំនួន២៥នាក់ ក្រុងបាងកកចំនួន៣នាក់ និងសមុទ្រប្រាកានចំនួន២នាក់ ពួកគាត់ចង់ធ្វើដំណើរត្រឡប់ ទៅប្រទេសកម្ពុជាវិញ តែត្រូវសមត្ថកិច្ចថៃប្រទះឃើញមុន ។

ក្រោយពីសួរនាំរួច សមត្ថកិច្ចថៃ បាននាំពលរដ្ឋខ្មែរទាំងអស់ ឡើងជិះរថយន្តយោធា ដឹកទៅឯចំណុច ស្នាក់បណ្ដោះអាសន្ន នៅបរិវេណបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងអំឡុងដែលប្រទេសកម្ពុជា ប្រកាសបិទខ្ទប់ ហាមចេញ-ចូលព្រំដែន ដើម្បីរង់ចាំការអនុញ្ញាតិឲ្យវិលត្រឡប់ទៅ ប្រទេសកម្ពុជាវិញ ៕