ក្រុម PSG ត្រូវបានគេរាយការណ៍ថា មានបំណងចង់លក់កីឡាករចំនួន ៩នាក់នៅរដូវក្តៅនេះ ដើម្បីទទួលបានទឹកប្រាក់ សម្រាប់ការបន្តកុងត្រាថ្មីរបស់ Kylian Mbappe ។ ក្រុមនៅ Ligue 1 បានដាក់កីឡាករមួយចំនួនសម្រាប់លក់ ដើម្បីធ្វើឲ្យសាច់ប្រាក់របស់ពួកគេមានតុល្យភាព។
យោយតាមការចុះផ្សាយរបស់ MARCA បានឲ្យដឹងថា PSG បានសម្រេចចិត្តបញ្ចេញកីឡាករមួយចំនួនក្នុងរដូវក្តៅនេះ ដែលមានដូចជា៖ Alphonse Areola, Abdou Diallo, Thilo Kehrer, Leandro Paredes, Idrissa Gueye, Rafinha Alcantara, Mauro Icardi, Pablo Sarabia និង Arnaud Kalimuendo ។
Areola ត្រូវបានផ្សារភ្ជាប់ជាមួយនឹង ការផ្លាស់ប្តូរត្រលប់ទៅក្របខ័ណ្ឌ Premier League វិញ ខណៈដែលក្លឹប West Ham United ត្រូវបានគេរាយការណ៍ថា កំពុងនាំមុខគេសម្រាប់ការប្រជែងចង់បានកីឡាករបារាំងរូបនេះ ហើយ PSG ទាមទាទឹកប្រាក់ចំនួន ១៥ លានផោនសម្រាប់រូបគេ ខណៈដែលខ្សែការពារ Abdou Diallo និង Thilo Kehrer មានតម្លៃ ២៥ លានផោនក្នុងម្នាក់ៗ។
របាយការណ៍បានអះអាងថា Paredes អាចនឹងមានតម្លៃ ២០លានផោន ខណៈពេលដែល Gueye និង Rafinha មានតម្លៃ ១៥ លានផោន ចំនែកឯ Mauro Icardi ត្រូវបានគេរាយការណ៍ថាមានតម្លៃ ៤០លានផោនសម្រាប់អតីតតារា Inter Milan រូបនេះ។ ជាមួយគ្នានេះដែរ កិច្ចសន្យាបច្ចុប្បន្នរបស់ Mbappe នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ប៉ុន្តែក្លឹបកំពុងពិភាក្សាជាមួយកីឡាឆ្នើមសញ្ជាតិបារាំងរូបនេះ ជុំវិញកិច្ចព្រមព្រៀងថ្មី៕