ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងខែសីហា និងខែកញ្ញា កម្ពុជានឹងទទួលវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ៥លានដូសទៀត សម្រាប់ចាក់ជូន កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់១៧ ឆ្នាំ។
ការឱ្យដឹងបែបនេះធ្វើឡើងក្នុង ពិធីប្រគល់ ទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាម ចំនួន១លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីក្រុមហ៊ុនចិន នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ ។
លោកស្រី បញ្ជាក់ថា «ក្នុងចំណោមវ៉ាក់សាំងទាំង ៥លានដូសនេះ គឺសម្រាប់ចាក់ជូន កុមារនិងយុវវ័យ ចាប់ពីអាយុ ១២ដល់១៧ឆ្នាំ និងសម្រាប់ចាក់ជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើងទៅផងដែរ។
លោកស្រី បញ្ជាក់បន្ថែមទៀតថា ចំពោះកាលបរិច្ឆេទ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស កំពុងរៀបចំផែនការលម្អិតរួចហើយ៕

