គ្រូបង្វឹកក្លិបបិសាចក្រហម លោក Ole Gunnar Solskjaer បានអះអាងថា ខ្សែបម្រើ Jesse Lingard ស្ថិតក្នុងគម្រោងរបស់លោកនៅ Manchester United រដូវកាលនេះ បន្ទាប់ពីគេបានបង្ហាញទម្រង់លេងល្អទល់នឹង Derby County កាលពីថ្ងៃអាទិត្យ។
ពិតណាស់ Lingard បង្ហាញភាពលេចធ្លោ ក្នុងការប្រកួតមិត្ដភាព មុនបើករដូវកាល ដោយបានព្យាយាមស៊ុតទីគូប្រកួត តែបុកនឹងរបារទី នៅក្នុងតង់ទី២។
ដោយឡែកក្លិបញញួរធំ West Ham ក៏រំពឹងថាអាចខ្ចីជើង កីឡាកររូបនេះម្ដងទៀតក្នុងរដូវកាលថ្មី ប៉ុន្ដែអ្នកចាត់ការបិសាចក្រហមលោក Solskjaer បានបញ្ជាក់ថា Lingard ស្ថិតនៅក្នុងគម្រោងរបស់លោក សម្រាប់រដូវកាលថ្មីនេះហើយ។
លោកបាននិយាយថា៖ “Jesse Lingard បានត្រលប់មកវិញហើយ មានភាពចែងចាំង ហើយគេចង់តស៊ូដណ្ដើមតំណែងរបស់គេ។ អ្វីដែលគេបានធ្វើកាលពីរដូវកាលមុន បង្ហាញថាគេជា Jesse ពិតប្រាកដ។ ពេលនេះយើងនៅខ្វះខាតចំណុចមួយចំនួន ដូច្នេះស្ថិតនៅក្នុងគម្រោង នៅពេលនេះ”៕