កីឡាបាល់ទាត់បានវិវត្តន៍កាន់តែអស្ចារ្យពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលកីឡាករវ័យក្មេងមួយចំនួនបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ នៅក្នុងរឹត្តិការណ៍ Euro ២០២០ និង Copa America ២០២១ ដែលបានបញ្ចប់នាពេលថ្មីៗនេះ។
ជាមួយនឹងប្រព័ន្ធបង្វឹក និងបច្ចេកទេសថ្មីៗ ដែលកំពុងអនុវត្តន៍ វាបានបង្ហាញយ៉ាងច្បាស់ថា កីឡករបាល់ទាត់សម័យទំនើបនេះ នឹងកាន់តែប្រសើរឡើងៗ សម្រាប់ពេលវេលាខាងមុខ។សូមក្រឡេកមកមើលកីឡាករបាល់ទាត់ឆ្នើមទាំង ៥រូប ដែលមានអាយុក្រោម ២១ ឆ្នាំ៖
#៥ Eduardo Camavinga សញ្ជាតិបារាំង បច្ចុប្បន្នមានវ័យ ១៨ឆ្នាំ គឺជាខ្សែបម្រើកណ្តាលដ៏លេចធ្លោម្នាក់ ហើយគាត់ត្រូវបានគេប្រដូចទៅនឹងខ្សែបម្រើ Paul Pogba ។ ខ្សែបម្រើរូបនេះបង្ហាញខ្លួនបាន ៣៩ ប្រកួតអោយ Rennes នៅរដូវកាល ២០២០-២១ នៅគ្រប់ការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ១ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៣ដង និងបច្ចុប្បន្នកំពុងមានទំនាក់ទំនងជាមួយក្រុម Manchester United ។
#៤ Jude Bellingham សញ្ជាតិអង់គ្លេស បច្ចុប្បន្នមានវ័យ ១៨ឆ្នាំ។ កីឡាកររូបនេះ បង្ហាញខ្លួនបាន ៤៦ ប្រកួតអោយក្រុម Borussia Dortmund នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាល ២០២០-២១ ដោយរកបាន ៤ គ្រាប់
និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៤ ដង។
#៣ Bukayo Saka សញ្ជាតិអង់គ្លេស បច្ចុប្បន្នមានវ័យ ១៩ឆ្នាំ បានដើរតួយ៉ាងសំខាន់ ក្នុងការជួយក្រុមជម្រើសជាតិអង់គ្លេសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Euro ២០២០ ។ Saka ជាកីឡាកររបស់ក្លឹប Arsenal បង្ហាញខ្លួនចំនួន ៤៦លើកនៅគ្រប់ការប្រកួតទាំងអស់ ក្នុងរដូវកាល ២០២០-២១ រកបាន ៧ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ១០ លើក។
#២ Pedri សញ្ជាតិអេស្ប៉ាញ បច្ចុប្បន្នមានវ័យ ១៨ឆ្នាំ បានក្លាយជាខ្សែបំរើម្នាក់ ដែលអាចទុកចិត្តបំផុត ទាំងក្រុមជម្រើសជាតិអេស្បាញ និងបាសេឡូណា ហើយបានបង្ហាញខ្លួនចំនួន ៥២ ដងនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមអ្នកមានបុណ្យបាសេឡូណា ខ្សែប្រយុទ្ធរូបនេះរកបាន ៤ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៦ ផងដែរ។
#១ Erling Haaland សញ្ជាតិន័រវេស បច្ចុប្បន្នមានវ័យ ២០ឆ្នាំ ជាម៉ាស៊ីនរកគ្រាប់បាល់សម្រាប់ក្លឹប Borussia Dortmund នៅក្នុងការបង្ហាញខ្លួនចំនួន ៤១ លើកនៅគ្រប់ការប្រកួតទាំងអស់ ក្នុងរដូវកាល ២០២០-២១ Haaland រកបាន ៤១ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ១២ លើក៕