ក្រុមចោរលួចម៉ូតូរាប់សិបគ្រឿង ពីបាត់ដំបងទៅលក់នៅភ្នំពេញ​ ត្រូវសមត្ថកិច្ចបង្រ្កាបបាន ទាំងសម្បុកហើយ

0

ភ្នំពេញ៖ អធិការនគរបាលក្រុងបាត់ដំបង លោក​វរសេ​នីយ៍ឯក​ ពេជ្រ សារ៉ែន កាលពីព្រឹកថ្ងៃទី១៤ ខែ​កក្កដា​ ឆ្នាំ​២០២១ បាន​ដឹកនាំ​​កម្លាំង​នគរបាល ធ្វើការស្រាវជ្រាវស៊ើបអង្កេត​ និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់នៅ​ចំណុចភូមិព្រែក​ព្រះស្ដេច សង្កា​ត់​ព្រែកព្រះស្ដេច ក្រុងបាត់​ដំបង​ ខេត្តបាត់ដំបង ពាក់ពន្ធ័ករណីអំពើលួចមាន​ស្ថានទម្ងន់ទោស​ (កាច់សោលួចយកម៉ូតូ) ។

ប្រតិបត្តិការនេះធ្វើឡើងដោយ ​អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេ​នី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការនគរ​បា​លខេត្តបាត់ដំបង ព្រមទាំងយោបល់របស់​លោ​ក​វរសេនីយ៍​ឯក​ លឹម​ ពុទ្ធីឡា​ស្នងការរង​ផែន​ការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយបានការ​សម្របសម្រួល លើនីតិវិធីពីលោក កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​ អមសាលាដំបូងខេត្តបាត់ដំបង​ ។

ជនសង្ស័យទាំង ៣នាក់នោះរួមមាន៖ ១.ឈ្មោះ​ ហែម​ សុខខេត ភេទប្រុស អាយុ ៣៨ឆ្នាំ​ មានទីលំនៅភូមិអណ្ដូងប្រេង ឃុំក្រាំងលាវ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ២.ឈ្មោះ​ អ៊ុន បឿក ភេទប្រុស អាយុ ១៩ឆ្នាំ​ មានទីលំនៅបន្ទប់ជួល សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ៣.ឈ្មោះ​ ហែម វណ្ណ: ភេទប្រុស អាយុ ១៨ឆ្នាំ​ មានទីលំនៅបន្ទប់ជួល សង្កាត់សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សម្ភារៈដកហូតបានរួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៥ ចំនួន​ ១​គ្រឿង ដែលជិះដឹកគ្នាទម្លាក់ធ្វើសកម្មភាព, ទូរសព្ទដៃម៉ាក់ Nokia អិនចុចពិលចំនួន ៤គ្រឿង, កូនសោរម៉ូតូចម្លងរួចចំនួន ៧កូនសោរ ដង្កាប់ចំនួន ១, ទូណឺវីសចំនួន ២, ស្គុតកាត់លេខ៨ ចំនួន ២, កាបូបដាក់ក្រវ៉ាត់ចង្កេះចំនួន ២, ស្រោមដៃចំនួន១, កូនសោរលេខ៨ ចំនួន ១ ។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី១០​ ខែ​កក្កដា​ ឆ្នាំ​២០២១ វេលាម៉ោង១៨និង៤៥នាទី ចំណុចក្រុមទី​២ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង័្សយមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាច់សោលួចយកម៉ូតូ របស់ជនងគ្រោះឈ្មោះ ស៊ាញ ម៉ាញ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិបែក​ចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ភិនភាគម៉ូតូបាត់បង់គឺ ម៉ាក់ហុងដាឌ្រីម សេរីឆ្នាំ២០២០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-3364 លេខតួ 5831929 ។

នៅក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់​ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង​ ហើយបន្ទាប់ពីទទួលបានពាក្យបណ្តឹង​នេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ​ រហូតកំណត់​បាននូវមុខសញ្ញានេះ​ និងឈានដល់ការឃាត់ខ្លួន​បានតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភា​ព​ថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព កាច់សោ​លួចយកម៉ូតូ នាពេលកន្លងទៅនៅក្នុងខេត្តបាត់ដំ​បងប្រាដកមែន ពិសេសគឺក្រុងបាត់ដំបង​និងស្រុកបាណន់​ ។ ក្នុងសេចក្តីសារភាព របស់ជនសង័្សយខាងលើនេះ បានបញ្ជាក់ថា​ ក្នុងរយៈពេលកន្ល​ង​ទៅបក្សពួកខ្លួន ធ្លាប់បានលួចកាច់​សោយកម៉ូតូមិនតិចជាង ២០​គ្រឿង​នោះទេ​ នៅក្រុងបាត់ដំបង​ និងស្រុកបាណន់​ ហើយពេលលួចបានក្រុម​នេះ ជិះម៉ូតូនោះដោយផ្ទាល់យកទៅភ្នំពេញ​ តែពេលទៅដល់ម្តុំផ្សារឧត្តុង្គ​ មានបក្សពួកផ្សេងទៀតនៅ​ចាំ ទទួល​យក​បន្តនៅទីនោះយកទៅភ្នំពេញ​ ។

បច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាងនគរ​បាលក្រុងកំ​ពុងរៀបចំ សំណុំរឿងបញ្ជូនមកការិយាល័យ ជំ​នាញអនុវត្តតាមច្បាប់ ៕