ក្លិបបារាំង Marseille ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ចង់បានខ្សែការពារ Samuel Umtiti នៅរដូវក្ដៅខាងមុខនេះ។
Umtiti សឹងតែត្រូវបាន Barca បំភ្លេចចោល បន្ទាប់ពីគេធ្លាក់ទម្រង់លេង ដោយសាររងរបួសធ្ងន់ អំឡុងពេលបាល់ទាត់ពិភពលោកឆ្នាំ២០១៨ ហើយកីឡាករសញ្ជាតិបារាំងរូបនេះ បន្តរងរបួសជារឿយៗ ដែលធ្វើឲ្យគេបាត់មុខពីទីលាន រហូតដល់ជិត ១២ខែឯណោះ។
យ៉ាងណាមិញ Umtiti ក៏បានវិលត្រឡប់មកវិញ និងចង់បន្តលេងឲ្យក្លិប Barcelona នៅរដូវកាលថ្មីខាងមុខនេះ បើទោះជាមានខ្សែការពារចំណូលថ្មី Eric Garcia មកប្រកួតប្រជែងជាមួយក៏ដោយ ស្របពេលដែលលោក Didier Deschamps ក៏មិនបានកោះហៅគេឲ្យចូលលេងនៅ Euro 2020 ឲ្យក្រុមជម្រើសជាតិបារាំងដែរ។
Barcelona ទំនងជាចង់លក់ខ្សែការពារវ័យ២៧ឆ្នាំរូបនេះដែរ ដោយសារអស់ជំនឿលើសមត្ថភាពរបស់គេ ហើយយោងតាមសារព័ត៌មាន Le10 Sport គឺ Marseille ចង់យកគេទៅលេងនៅបារាំងវិញ។
Marseille ជិតនឹងទិញយក Konrad de la Fuente ពី Barcelona បានហើយ តែក្លិបនៅចង់បាន Umtiti ម្នាក់ទៀតដោយ Barcelona អាចនឹងលក់គេក្នុងតម្លៃធូរថ្លៃគឺតែ ៥លានអឺរ៉ូ(ស្មើនឹងប្រមាណ៥.៩លានដុល្លារ) ប៉ុណ្ណោះ៕