Tottenham Hotspur ទំនងប្រហែលមិនទិញផ្ដាច់ខ្សែប្រយុទ្ធ Carlos Vinicius ពីក្លិប Benfica នោះទេ នេះបើតាមការការចុះផ្សាយរបស់ Football Insider។
ខ្សែប្រយុទ្ធជនជាតិប្រេស៊ីល ត្រូវបានមាន់ខ្នាយមាស Spurs នាំមកកាន់ទីក្រុងឡុងដ៍ កាលពីរដូវក្ដៅឆ្នាំមុនពី Benfica ក្រោមកិច្ចសន្យាខ្ចីមួយរដូវកាល។ ក្នុងកិច្ចសន្យានេះក៏មានភ្ជាប់ជាមួយលក្ខខណ្ឌទិញផ្ដាច់ ៣៨លានផោន ដែលអាចអនុវត្តនៅពេលផុតកិច្ចសន្យាខ្ចី នៅដំណាច់ខែមិថុនា។
បើតាមប្រភពពីផ្នែកនាំចូលកីឡាករ បានប្រាប់ទៅ Football Insider ថា ក្លិបមាន់ខ្នាយមាសគ្មានគម្រោង ក្នុងការផ្ទេរយក Vinicius ជាអចិន្ដ្រៃយ៍នោះទេ។
សូមជម្រាបថា Vinicius នៅក្នុងចំណោមកីឡាករទាំងបីរូបដែលលោក Jose Mourinho នាំចូលក្រុមពីភ្នាក់ងារ Jorge Mendes កាលពីឆ្នាំមុន ហើយគេបានរួមចំណែករកគ្រាប់បាល់ច្រើនគ្រាប់ក្នុងការប្រកួត Europa League និង FA ឱ្យ Spurs នៅរដូវកាលនេះ៕