មេបក្សយុវជនកម្ពុជា អំពាវនាវឲ្យបងប្អូនជនរួមជាតិ មេត្តាប្រុងប្រយ័ត្នខ្ពស់ ខណៈកូវីដ១៩ បានឆក់យកជីវិតមនុស្ស ៣នាក់ហើយ

0

ភ្នំពេញ៖ បន្ទាប់ពីនៅប្រទេសកម្ពុជា ជំងឺដ៏កាចសាហាវកូវីដ១៩ បានឆក់យកអាយុជីវិតមនុស្ស ៣នាក់ រួចមកហើយនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងអំពាវនាវឲ្យ បងប្អូនជនរួមជាតិទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត ចំពោះជំងឺនេះ ។

លោក ពេជ្រ ស្រស់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក កាលពី ១៧ម៉ោងមុនថា «សូមបងប្អូនជនរួមជាតិ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះមេរោគCOVID-19 ពីព្រោះបច្ចុប្បន្នភាពមានបងប្អូនខ្មែរយើង ៣រូបហើយដែលមេរោគចង្រៃ COVID-19 បានឆក់យក ជីវិតពួកគាត់ដោយគ្មានក្តីមេត្តា និងបន្សល់នូវក្តីអាឡោះអាល័យជាពន់ពេក» ។

ជាមួយគ្នានោះមេបក្សយុវជនកម្ពុជា បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុតចំពោះ ក្រុមគ្រួសារសពដែលមានសាច់ញាតិ បាត់បង់ជីវិតដោយសារមេរោគ COVID-19 បានផ្តាច់ជីវិតថ្មីៗនេះ ។លោក ក៏បានជូនពរដល់បងប្អូន មានផ្ទុកមេរោគCOVID-19 ដែលកំពុងតែសម្រាកព្យាបាល សុំទេវតាជួយតាម ថែរក្សាឲ្យឆាប់ជាសះស្បើយគ្រប់ៗគ្នាផងចុះ ។

សូមរំលឹកថា នៅប្រទេសកម្ពុជាមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន ៣នាក់ហើយ ក្នុងនោះលើកទី១ អ្នកស្លាប់ជាបុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ នៅសង្កាត់ចង្រែ ខណ្ឌមានជ័យ, ស្លាប់លើកទី២ ជាស្ត្រីជនជាតិខ្មែរ អាយុ៦២ឆ្នាំ នៅសង្កាត់ស្នោ ខណ្ឌកំបូល ដែលម្ដាយរបស់តារាចម្រៀង វី ឌីណែត និងលើកទី៣ ជាបុរសជនជាតិខ្មែរម្នាក់ទៀត អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕