ក្លឹបយក្សអ៊ីតាលី AC Milan នៅពេលចុងក្រោយនេះ បានសារភាពថាពួកគេកំពុងចំណាយពេល មួយចំនួនជាមុនសិន ដើម្បីអាចសម្រេចចិត្ត ក្នុងការចាយលុយទិញយកកីឡាករ កំពុងលេងខ្ចីជើងម្នាក់ឬយ៉ាងណា។
លោក Paolo Maldini ដែលជាប្រធានបច្ចេកទេសរបស់ក្លឹប បានធ្វើការលើកសរសើរយ៉ាងខ្លាំង ចំពោះកីឡាករដែលកំពុងលេងក្នុងកុងត្រាខ្ចីជើង ពីក្លឹបតោខៀវ Chelsea កីឡាករ Fikayo Tomori ។
កីឡាករ Tomori ត្រូវបានផ្តល់ទំនុកចិត្តយ៉ាងខ្លាំង ចំពោះតំណែងរបស់គាត់ ជាមួយនឹងក្រុម ដោយការប្រកួត កាលពីថ្ងៃអាទិត្យកន្លងទៅ គាត់ត្រូវបានជ្រើសយក ជាកីឡាករឈុត១១នាក់ដំបូង មុនកីឡាករ Alessio Romagnoli ដែលជាកីឡាករដុះចេញពីថ្នាលយុវជនពីទឹកដី San Siro តែម្តង។
លោក Maldini បានឆ្លើយតបទៅនឹងបញ្ហារបស់ Tomori ថា៖ ពួកយើងមានជម្រើសសម្រាប់ទិញគាត់ ប៉ុន្តែវាអាស្រ័យទៅនឹងការវាយតម្លៃជាមុនសិន ថាតើក្លឹបពិតជាត្រូវការគាត់ឬយ៉ាងណា?
ប្រែសម្រួល៖ Lee