ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា គ្មាននរណាដឹងថា ពេលណាវិបត្តិជំងឺកូវីដ១៩ នឹងបញ្ចប់ ហើយក៏គ្មានន ណារអាចទស្សន៍ទាយ អំពីផលប៉ះពាល់មកលើគ្រប់ទិដ្ឋភាព នៃជីវភាពរស់នៅ របស់សង្គមជាតិនីមួយៗ ទោះបីពិភពលោក កំពុងមានក្ដីសង្ឃឹមលើ វឌ្ឍនភាពនៃការខិតខំ អភិវឌ្ឍវ៉ាក់សាំងបង្ការ និងទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំកំពូលកម្មន្ដសាល និងឧស្សាហូបនីយកម្មសកល ឆ្នាំ២០២០ (GMIS 2020) កាលពីថ្ងៃទី៥ កញ្ញាថា អស់រយៈពេលជាង ៩ខែមកហើយ ដែលពិភពលោកបាននិងកំពុង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបានបង្ករជាវិបត្តិធ្ងន់ធ្ងរមិនធ្លាប់ មានពីមុនមកលើសង្គម និងសេដ្ឋកិច្ច។
សម្ដេចតេជោនាយរដ្ឋមន្ត្រីបញ្ជាក់ថា «ទោះបីការខិតខំអភិវឌ្ឍវ៉ាក់សាំងបង្ការ កំពុងមានវឌ្ឍនភាពល្អគួរ ជាទី សង្ឃឹម តែគ្មាននរណាដឹងថា ពេលណាវិបត្តិជំងឺកូវីដ-១៩នេះ នឹងបញ្ចប់នោះឡើយ ហើយក៏គ្មាននរណា អាចទស្សន៍ទាយ អំពីផលប៉ះពាល់មកលើគ្រប់ទិដ្ឋភាព នៃជីវភាពរស់នៅ របស់សង្គមជាតិនីមួយៗ បានជាក់ច្បាស់នោះដែរ»។
សម្ដេចបន្ថែមថា សកម្មភាពសេដ្ឋកិច្ច និងសង្គមស្ទើរគ្រប់វិស័យ ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេស តាមរយៈវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលត្រូវបានដាក់ចេញដោយ រដ្ឋាភិបាលនៃប្រទេសនីមួយៗ ដូចជាការបិទប្រទេស និងការរឹតត្បិតដល់ ការធ្វើដំណើរជាដើម។
សម្ដេចបន្តថា ក្នុងបរិការណ៍នេះ ជីវិតសង្គមជាសកល ត្រូវបានគេប្រមើលឃើញថា អាចនឹងមានការប្រែប្រួលជារចនាសម្ព័ន្ធ ឬ ឈានដល់ប្រក្រតីភាពថ្មី (New Normal) មួយ ដែលរួមមាន៖ ការប្រែប្រួលនិម្មាបនកម្មសេដ្ឋកិច្ចសកល ដូចជា ការធ្លាក់ចុះនៃច្រវាក់តម្លៃសកល និង ច្រវាក់ផលិតកម្មសកល ,ការថមថយរំហូរមូលធនសកល ដោយសារការធ្លាក់ចុះនៃតម្រូវការវិនិយោគ និងការធ្លាក់ចុះរំហូរមនុស្ស ,ការធ្លាក់ចុះផលិតភាពសកល និងការកើនឡើងនៃវិសមភាពសង្គម។
សម្ដេចតេជោគូសបញ្ជាក់ថា សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានគ្រប់ គ្រងសភាពការណ៍កូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ដោយមកដល់ពេលនេះ កម្ពុជាមិនមានការឆ្លង ជាសហគមន៍ ហើយក៏មិនបានឈានដល់ការបិទជាតំបន់ ឬប្រទេសទាំងមូលនោះទេ។ ជាការពិត ជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈម ដ៏ស្រួចស្រាល់មួយចំនួន ជាអាទិ៍នៅក្នុងវិស័យវាយនភណ្ឌ វិស័យទេសចរណ៍ វិស័យអាកាសចរណ៍ និង វិស័យសេវាខ្លះទៀត។
សម្ដេចមានប្រសាសន៍ថា ស្ថិតក្នុងសភាពការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការ ចំនួន៥ជុំ រួចមកហើយ សំដៅជួយរក្សាលំនឹងផលិតកម្ម និង អាជីវកម្ម សម្រាប់ផ្គត់ផ្គង់ទាំងក្នុង និងក្រៅប្រទេស ពិសេសគឺសំដៅធានាលំនឹង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ៕