នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Ayumu TAKAHASHI ប្រធានក្រុមប្រឹក្សាអង្គការ On The Road បានចូលរួមពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើគម្រោងផ្ទេរបច្ចេកវិទ្យាក្នុងការកែច្នៃសំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាមដើម្បីផលិតអនុស្សាវរីយ៍។
តាមរយៈកិច្ចព្រមព្រៀងនេះអង្គភាពស៊ីម៉ាក់នឹងបង្កើតរោងជាងសម្រាប់ធ្វើការកែច្នៃ សំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាម ដោយមានការបណ្តុះបណ្តាលដោយអ្នកជំនាញវិចិត្រជប៉ុននៅប្រទេសជប៉ុន ព្រមទាំងជួយរៀបចំសម្ភារបច្ចេកទេសសម្រាប់ផលិតនៅកម្ពុជាដោយដោយអង្គភាពស៊ីម៉ាក់ម្ចាស់ការផលិតដោយខ្លួនឯង។ គម្រោងនេះនឹងផ្តល់ការងារដល់ជនពិការ និងចូលរួមផលិតនិងលក់បម្រើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតេជោសន្តិភាព ស្ថិតនៅក្នុងខេត្តសៀមរាបនិងនៅទីផ្សារនៅប្រទេសជប៉ុន។
គួររំលឹកផងដែរថាកាលពីកំឡុងខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហេង រតនា ធ្លាប់បានជួបពិភាក្សាការងារនេះជាមួយវិចិត្រជប៉ុន ដែលមានគំនិតកែច្នៃសារធាតុជ័រសំរាមនៅតាមសមុទ្រ រើសមកកែច្នៃជាវត្ថុអនុស្សាវរីយ៍មានតម្លៃ នៅខេត្តអូគីណាវ៉ា។ អង្គភាពស៊ីម៉ាក់ក៏មានគោលបំណងកែច្នៃសំណល់គ្រាប់មីននិងយុទ្ធភណ្ឌសង្គ្រាមឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍ បម្រើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតេជោសន្តិភាព ក៏ដូចជាការប្រែក្លាយពីវត្ថុសម្រាប់សម្លាប់មនុស្ស ទៅជាវត្ថុដែលអាចបម្រើមនុស្សដោយសន្តិភាព។ តាមរយៈគម្រោងផែនការនេះ អង្គភាពស៊ីម៉ាក់នឹងផ្តល់ដល់ជនពិការដោយសារមីន មានលទ្ធភាពបម្រើការងារក្នុងសិប្បកម្មផលិតវត្ថុអនុស្សាវរីយនេះ និងលក់ដូរនៅសារមន្ទីរតេជោសន្តិភាព៕