ភ្នំពេញ៖ ក្នុងសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីកិច្ចព្រមព្រៀងទទួលស្គាល់ គ្នាទៅវិញទៅមកលើ អ្នកជំនាញទេសចរណ៍អាស៊ាន (MRA) តាមប្រព័ន្ធ Video Conference នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោក លីម ចុកហូយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន បានលើកឡើងថា អាស៊ានកំពុងពន្លឿនការ អនុវត្តម្រោងថ្មីនៃការបណ្ដុះបណ្ដាល ជំនាញទេសចរណ៍អាស៊ាន តាមប្រព័ន្ធអនឡាញឲ្យ កាន់តែប្រសើរថែមទៀត។
យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថា សន្និសីទអន្តរជាតិនេះត្រូវបានរៀបចំ ដោយប្រទេសហ្វីលីពីន ក្រោមប្រធានបទ «អ្នកជំនាញទេសចរណ៍អាស៊ាន៖ សម្របខ្លួនជាមួយនឹងទម្លាប់ថ្មី» ដោយមានការចូលរួមពីមន្ត្រីជំនាញ ផ្នែកឯកជនជាពិសេសស្ថាប័នអប់រំ បណ្ដុះបណ្ដាលនៃប្រទេស សមាជិកអាស៊ានទាំង ១០ ប្រមាណ ១,០០០នាក់ និងមានការចូលរួមកម្មវិធី បើកដោយលោកស្រី Bernadette Romulo Puyat រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ហើយមន្ត្រីជំនាញ ក្រសួងទេសចរណ៍កម្ពុជា ក៏បានចូលរួមជាវាគ្មិន នៃកិច្ចពិភាក្សាផងដែរ ។
លោកអគ្គលេខាធិការ លីម ចុកហូយ បានប្រាប់ឲ្យដឹងថា អាស៊ានមានប្រព័ន្ធចុះបញ្ជី អ្នកជំនាញទេសចរណ៍ សម្រាប់សម្រួលការបម្លាស់ការងារ ដែលអ្នកបម្រីការងារក្នុង វិស័យទេសចរណ៍អាស៊ានទាំងអស់ អាចទទួលបាននូវប្រភពឯកសារ ដើម្បីធ្វើការបណ្ដុះបណ្ដាល ជំនាញតាមប្រព័ន្ធអនឡាញ ជាកម្មវិធីបណ្ដុះបណ្ដាលជំនាញបន្ថែម (Upskilling) និងកម្មវិធីបណ្ដុះបណ្ដាលជំនាញថ្មី (Re-skilling) ដើម្បីពង្រឹងសមត្ថភាព ក្នុងកំឡុងពេលកូវីដ-១៩នេះ ។
លោកថា «អាស៊ានកំពុងពន្លឿនការ អនុវត្តម្រោងថ្មីនៃការបណ្ដុះបណ្ដាល ជំនាញទេសចរណ៍អាស៊ាន តាមប្រព័ន្ធអនឡាញ ឲ្យកាន់តែប្រសើរថែមទៀត»។
ដោយវិស័យទេសចរណ៍ គឺជាវិស័យសេដ្ឋកិច្ចចម្បងរបស់អាស៊ាន ដែលត្រូវបានរងផលប៉ះពាល់ខ្លាំង ពីវិបត្តិកូវីដ-១៩ ការស្ដារឡើងវិញនៃវិស័យនេះ គឺជាអាទិភាពគន្លឹះក្នុងសមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ដើម្បីធានាឲ្យបានថា វិស័យទេសចរណ៍នៅតែជាវិស័យ ដែលបង្កើតប្រាក់ចំណូលចូលសេដ្ឋកិច្ចជាតិ និងជាប្រភពចម្បងនៃការងារ។
ក្នុងន័យនេះ លោកអគ្គលេខាធិការបានរំលឹក ពីស្មារតីនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ កាលពីខែមិថុនាកន្លងទៅ ដោយប្រមុខដឹកនាំកំពូលបាន គូសបញ្ជាក់អំពីសារៈសំខាន់ នៃការដាក់ចុះ វិធានការឆ្លងដែនមួយចំនួន ដូចជា Travel Bubble ឬ Travel Corridors ដែលជាជំហានដំបូងនៃ ការសម្រួលការងើបឡើងវិញនៃតំបន់។
លោកបានអះអាងថា ក្នុងបរិបទបច្ចុប្បន្នវិស័យទេសចរណ៍ ត្រូវដើរតួនាទីកាន់តែបន្ទាន់ ដែលមិនធ្លាប់មានពីមុនមក ក្នុងការនាំតំបន់ត្រឡប់មក ដំណើរការជាប្រក្រតីឡើងវិញ យ៉ាងហោចណាស់តាមរយៈ សម្រួលឲ្យមានការធ្វើដំណើរ ធុរកិច្ចចាំបាច់មួយចំនួន ព្រមទាំងស្ដារទំនុកចិត្ត អ្នកធ្វើដំណើរឡើងវិញ។
សូមរំលឹកថា សន្និសីទស្ដីពីកិច្ចព្រមព្រៀង អ្នកជំនាញទេសចរណ៍អាស៊ាន (MRA) ត្រូវបានរៀបចំ២ឆ្នាំម្ដង ដែលលើកទី១ ឆ្នាំ២០១៦ នៅប្រទេសឥណ្ឌូនេស៊ី លើកទី២ ឆ្នាំ២០១៨ នៅកម្ពុជា។ ឆ្នាំ២០១៩ អាស៊ានទទួលបានទេសចរអន្តរជាតិជាង ១៣៣លាននាក់ ក្នុងកំណើន ៧% ក្នុងនោះទេសចរផ្ទៃក្នុងអាស៊ាន (ASEAN Intra-Traveler) មានប្រមាណ ៤០% បង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់ ស្មើនឹង ៩.៧% នៃការងារសរុប និងចូលរួមបង្កើតចំណូល ក្នុងសេដ្ឋកិច្ចជាតិប្រមាណ ១០% នៃ GDP ប៉ុន្តែតាមការប៉ាន់ស្មានជាបឋម ឆ្នាំ២០២០ អាចនឹងមានការធ្លាក់ចុះនៃ ទេសចរអន្តរជាតិប្រមាណពី ៧០-៨០% ៕