សៀមរាប៖ មិនមានអ្នកវិនិយោគ និងអ្នកទេសចរមកប្រទេសដែលមានសញ្ញាក្រហម «ប្រយ័ត្នគ្រាប់មីន» នោះទេ។ ហើយកម្ពុជា គិតមកទល់ពេលនេះ បានបំផ្លាញមីនប្រឆាំងមនុស្សជាង១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់ និងបោសសម្អាតមីនលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី-ខេត្តអស់មីន ។ នេះជាប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងអញ្ជើញជាអធិបតីភាព ដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទឹកដីអង្គ ខេត្តសៀមរាប ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកទល់បច្ចុប្បន្ននេះ កម្ពុជាបានបំផ្លាញមីនប្រឆាំងមនុស្សជាង១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់។ យើងក៏បានបោសសម្អាតមីនលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី-ខេត្តអស់មីន។ ចំនួនជនរងគ្រោះបានធ្លាក់ចុះពីមធ្យមជាង ៤.៣០០នាក់ ក្នុងមួយឆ្នាំក្នុងឆ្នាំ ១៩៩៦ មកតិចជាង ១០០នាក់ ក្នុងមួយឆ្នាំក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ។ សូមបញ្ជាក់ថា ការបញ្ជាក់របស់សម្ដេចបវរធិបតីនេះ បានន័យថា កម្ពុជាបានទម្លាក់ស្លាកសញ្ញាក្រហម «ប្រយ័ត្នគ្រាប់មីន» នេះហើយ ដើម្បីស្វាគមន៍អ្នកវិនិយោគ និងភ្ញៀវទេសចរ ។
ក្នុងឱកាសនោះដែរ សម្ដេចបវរធិបតី បានរំឮកថា ប្រទេសកម្ពុជា ធ្លាប់បានឆ្លងកាត់សង្គ្រាម ដែលពោពេញទៅដោយគ្រាប់មីន ហើយប្រជាជនកម្ពុជាបានស្លាប់ និងរងរបួសដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ។
តែទោះជាយ៉ាងណាក្ដីរហូតមកដល់ចុងឆ្នាំ ២០២៤ នេះ ទឹកដីដែលធ្លាប់ជាវាលមីន ឥឡូវនេះបានក្លាយទៅជាដីមានជីជាតិសម្រាប់ធ្វើកសិកម្ម នគរូបនីយកម្ម និងការអភិវឌ្ឍ ហើយបានជួយប្រជាជនរាប់លាននាក់ចាកចេញពីភាពក្រីក្រ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន ត្រូវបានប្រារព្ធធ្វើឡើងជាលើកដំបូងនៅទ្វីបអាស៊ី ដោយមានការអញ្ជើញចូលរួមដោយគណៈប្រតិភូសរុបប្រមាណ ៧០០នាក់មកពីប្រទេស និងអង្គការដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០ ៕