ឆ្មក់ បង្ក្រាបបានរថយន្តដឹកលើសទម្ងន់ ៩គ្រឿង លើផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺ (Video)

0

ភ្នំពេញ៖ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំដោយលោក សេង ឈួន អមដំណើរលោក គឹម សាន់ អនុរដ្ឋលេខាធិការ​ លោកប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យ យានយន្តលើសទម្ងន់កម្រិតកំណត់ ប្រធានស្ថានីយជញ្ជីងកណ្តោលដុំ និងប្រធានស្ថានីយពោធិ៍ថ្មី បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើផ្លូវជាតិលេខ៤៤ នៅខេត្តកំពង់ស្ពឺ។

ក្រសួងសាធារណការបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារត្រួតពិនិត្យរថយន្តដឹកខ្សាច់ចំនួន ១០គ្រឿង និងឃាត់បានរថយន្ត ដឹកលើសទម្ងន់ចំនួន ៩គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ៦តោន ដល់ ១៩តោន។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ លោក គឹម សាន់ ក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្ត ឲ្យយល់ពីច្បាប់នៃការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូន លើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្ក មហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។ កិច្ចប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង ៥ល្ងាច នៅថ្ងៃដដែល ។

សូមបងប្អូនម្ចាស់អាជីវករ ម្ចាស់រថយន្តដឹកទំនិញ និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបថា ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានបង្កមហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ៕