ក្រសួងដែនដី៖ ការងារវាស់វែងរយៈពេល ១ឆ្នាំ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា សម្រេចបាន ៣ ១៤៤ ៤៨៥ក្បាលដី ស្មើនឹង ៦៦,១៩%

0

ភ្នំពេញ៖ ការងារវាស់វែងក្នុងរយៈពេល១ឆ្នាំ នៃអាណត្តិទី៧ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្រេចបាន ៣ ១៤៤ ៤៨៥ក្បាលដី ស្មើនឹង ៦៦,១៩% ដោយក្នុងនោះក្បាលដីនៅសល់មិនទាន់វាស់វែងមាន ១ ៦០៥ ៥២២ក្បាលដី ស្មើនឹង ៣៣,៨១% ដែលនឹង​ត្រូវវាស់វែងបញ្ចប់​នៅឆ្នាំ២០២៥ ខាងមុខ។ សន្និបាតប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។

នេះបើយោងតាមរបាយការណ៍​របស់អគ្គ​នាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត នៃក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ បង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងា​រឆ្នាំ២០២៤ និងទិសដៅការងារ​បន្តសម្រាប់​ឆ្នាំ២០២៥ របស់ក្រសួង​នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

របាយការណ៍ដដែលបន្ថែមថា ដោយឡែកចំពោះការចេញ​បណ្ណ​កម្មសិទ្ធិ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងចេញបណ្ណបាន ១ ០៣៤ ៦២៤បណ្ណ ចុះបញ្ជីដីរដ្ឋ​តាមនីតិវិធីពិសេសបានចំនួន ៤៤បណ្ណ ,ត្រៀមចេញ​បណ្ណចំនួន ៤ ៤២៣បណ្ណ ជូនពលរដ្ឋដែលចាកចេញពីបុរាណដ្ឋាន ក្នុងក្រុងសៀម​រាប និងប្រាសាទបាគង និង ២៤បណ្ណ ជូនរដ្ឋ តំណាងដោយ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ទន្ទឹមនេះ ក្រសួងកំពុងខិតខំជំរុញ​ការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីសហគមន៍​ជនជាតិ​ដើមភាគតិច និងដីគរុភណ្ឌវត្តព្រះពុទ្ធសាសនាឱ្យបានបញ្ចប់ផងដែរ។

ជាការកត់សម្គាល់ អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត បានបំពេញការងារអាទិភាពដែលត្រូវបានកំណត់ជាសមរភូមិទី១ ក្នុង​វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាស់ក្នុងសង្គម ដោយក្នុងនោះ​ផ្តោតលើ “ការចុះបញ្ជីដីធ្លី” ស្របតាមទិសស្លោក “ចុះបញ្ជីដីបង្ហើយ បរិយាកាស​គ្មានវិវាទ សេវាគាប់ចិត្ត” ដើម្បីកាត់បន្ថយវិវាទ ផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលន​ទ្រព្យរបស់ប្រជាពលរដ្ឋ និងកសាងសង្គមសុខដុមនីយ​កម្មនៅកម្ពុជា៕