ធនាគារពិភពលោក ផ្តល់ឥណទាន ១០០លានដុល្លារ ដល់កម្ពុជា សម្រាប់កែលម្អផ្លូវ

0

ភ្នំពេញ៖ ក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគាពិភពលោក បានសម្រេចអនុម័តផ្តល់ឥណទាន ១០០លានដុល្លារ ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ជួយគាំទ្រគម្រោងកែលម្អ បណ្តាញផ្លូវគមនាគមន៍នៅប្រទេសកម្ពុជា ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក នៅថ្ងៃទី១៧ កក្កដានេះ បានឲ្យដឹងថា គម្រោងនេះនឹងពង្រីកលទ្ធភាព សម្រាប់សហគមន៍ជនបទ ឲ្យទទួលបានសេវាចាំបាច់នានា ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សាលារៀន និង ទីផ្សារ តាមរយៈការកែលម្អផ្លូវជនបទ ឱ្យកាន់តែមានភាពធន់ទៅនឹងកត្តា ប្រែប្រួលរបស់អាកាសធាតុ។ ការកែលម្អនឹងត្រូវធ្វើទៅលើផ្នែកជាច្រើន នៃតាមផ្លូវជាតិនិងផ្លូវខេត្ត ដែលជាលទ្ធផលជួយកាត់បន្ថយ ថ្លៃចំណាយលើការដឹកជញ្ជូន និងហានិភ័យគ្រោះថ្នាក់ដោយសារតែ ផ្លូវខូចនិងជួយសម្រួលដល់ខ្សែ ចង្វាក់ផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍវិស័យ ទេសចរណ៍ផងដែរ។

ការចំណាយលើការដឹកជញ្ជូន នៅប្រទេសកម្ពុជានៅតែ មានកម្រិតខ្ពស់នៅឡើយ ទោះបីជាមានភាពប្រសើរច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះហើយក្តី។ ផ្លូវថ្នល់គឺជាមធ្យោបាយ ដឹកជញ្ជូននាំមុខគេនៅក្នុងប្រទេស ហើយចាំបាច់ត្រូវមានការវិនិយោគច្រើន ជាពិសេសនៅតាមតំបន់ជនបទ។ ផ្លូវជនបទមានជាង ៧៥ភាគរយ នៃបណ្តាញផ្លូវសរុបទូទាំងប្រទេស ប៉ុន្តែមានតែ ៥ភាគរយប៉ុណ្ណោះដែលជាផ្លូវក្រាលកៅស៊ូ។ ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យមានភ្លៀង និងទឹកជំនន់ធំៗបង្កហានិភ័យ ខូចខាតកាន់តែខ្លាំង ដល់ប្រព័ន្ធផ្លូវនៅជនបទ។

ការវិភាគអំពីស្ថានភាព ប្រើប្រាស់របស់ផ្លូវជនបទ ដែលត្រូវបានធ្វើឡើងជាផ្នែកមួយ នៃការរៀបចំគម្រោងនេះ បង្ហាញថាក្នុងរដូវទឹកជំនន់ ជាង ២៦ភាគរយ នៃប្រជាជនរស់នៅក្នុងតំបន់ របស់គម្រោងប្រឈមនឹងហានិភ័យ គ្មានផ្លូវប្រើសម្រាប់ទៅរកសេវា បន្ទាន់ផ្នែកសុខភិបាល និងសាលារៀន។ ក្រៅពីនោះ ១៨ភាគរយទៀតត្រូវចំណាយពេល ៣០នាទី ឬច្រើនជាងនេះ សម្រាប់ធ្វើដំណើរទម្រាំ ទៅដល់មន្ទីរពេទ្យដែលជា ស្ថានប្រឈមនឹងភាពស្លាប់រស់មួយ។ ការជ្រើសរើសផ្លូវសម្រាប់ការវិនិយោគ នៃគម្រោងនេះផ្តល់អាទិភាព ដល់ផ្លូវទាំងឡាយណាដែលតភ្ជាប់ ផ្ទះអ្នកស្រុកជាមួយមន្ទីរពេទ្យ សាលារៀន និងទីផ្សារ។ តំបន់គោលដៅរបស់គម្រោងនេះមាន ផ្លូវនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដែលគ្របដណ្តប់លើប្រជាជនជាង ២លាននាក់ ក្នុងនោះ ៨០ភាគរយ រស់នៅតាមទីជនបទដាច់ស្រយាល។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃ ធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា «កង្វះលទ្ធភាពសម្រាប់ ទទួលបានសេវាមន្ទីរពេទ្យ សាលារៀន និងសម្រាប់ដឹកទំនិញទៅកាន់ទីផ្សារ ជាពិសេសក្នុងរដូវវស្សា នៅតែចោទជាបញ្ហាប្រឈមធំមួយសម្រាប់ ប្រជាជនកម្ពុជានៅតាមតំបន់ ជនបទ។ គម្រោងថ្មីនេះគឺជាការបន្តការ ប្តេជ្ញាចិត្តរបស់យើង ក្នុងការជួយដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវរបស់កម្ពុជា។ វានឹងតភ្ជាប់កាន់តែប្រសើរជាងមុន ដោយបានភ្ជាប់ប្រជាជនទៅនឹង ការទទួលបានសេវា កាត់បន្ថយការដាច់ផ្លូវ និងបង្កើតការងារសម្រាប់ សហគមន៍មូលដ្ឋាន ក្នុងពេលសាងសង់ផ្លូវ ដែលរួមចំណែកធ្វើឱ្យ សេដ្ឋកិច្ចងើបឡើងវិញ
ទៀតផង»។

គម្រោងនេះក៏នឹងជួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ (ដែលក្រសួងទាំងពីរនេះ ជាភ្នាក់ងារអនុវត្តគម្រោង) ក្នុងការអភិវឌ្ឍផ្នែកស្ថាប័នផងដែរ។ ក្នុងនោះមានការរៀបចំយុទ្ធសាស្ត្រ ហិរញ្ញប្បទានផ្លូវធន់នឹងអាកាសធាតុ ការជួយដល់ក្រសួងទាំងពីរ ក្នុងការអនុវត្តផែនការសកម្មភាព បញ្ជ្រាបយេនឌ័ររបស់ក្រសួងទាំងពីរ និងការគ្រប់គ្រង កិច្ចសន្យាផ្អែកលើលទ្ធផលការ ងារសម្រាប់ការថែទាំផ្លូវ ធ្វើឱ្យហេដ្ឋារចនាសម្ព័នកាន់តែ មានចីរភាពល្អប្រសើរ ៕