គណៈរដ្ឋមន្រ្តី សម្រេចអនុម័ត និងកែពាក្យពេចន៍ ៣ចំនុច លើច្បាប់ជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ

0

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបានសម្រេចអនុម័ត និងកែសម្រួលពាក្យពេចន៍ ៣ចំនុច លើ “សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ” ។

តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុកនៅថ្ងៃទី១៥ ឧសភានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌនេះ គឺជាការចាំបាច់ដែលមិនត្រឹមតែ បង្កើតឱ្យមាននីតិវិធីផ្ទៃក្នុងមួយច្បាស់លាស់ បំពេញបន្ថែមឱ្យក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីធានាដល់ការអនុវត្តសន្ធិសញ្ញានានា ស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើត ឱ្យមានមូលដ្ឋានគតិយុត្តមួយ ដែលបម្រើដល់ការពង្រីក កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ជាមួយនឹងប្រទេសជាមិត្ត ដោយឈរលើគោលការណ៍ នៃការគោរពអធិបតេយ្យ និងផលប្រយោជន៍គ្នាទៅវិញ្ញទៅមកទៀតផងដែរ ។

លោកបន្តថា ច្បាប់នេះកំណត់អំពី ការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេស ទាក់ទងនឹងដំណើរការនីតិវិធីនានា ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងការបង្កក ការចាប់យក និងការរឹបអូសទ្រព្យ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោកបន្តបន្ថែមថា ច្បាប់នេះមានវិសាលភាព អនុវត្តចំពោះ៖ ១.ការជួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ដែលត្រូវផ្តល់ដល់រដ្ឋធ្វើសំណើទាំងអស់ ទោះបីរដ្ឋធ្វើសំណើនោះមិនមានកិច្ចព្រមព្រៀង ជាមួយនឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ ។ ២.ការស្វែងរកការជួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌពីរដ្ឋ ទទួលសំណើទាំងអស់ ទោះបីរដ្ឋទទួលសំណើនោះ មិនមានកិច្ចព្រមព្រៀងជាមួយ នឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ។

លោកបន្ថែមទៀតថា ច្បាប់នេះមិនមានវិសាលភាព អនុវត្តចំពោះការជួយទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដែលធ្វើឡើងស្របតាមសន្ធិសញ្ញា ឬអនុសញ្ញាទេ្វភាគី ឬពហុភាគី ដែលបានទទួលសច្ចាប័ន ពីព្រះរាជាណាចក្រកម្ពុជា។

ចំពោះនីតិវិធីផ្ទៃក្នុងសម្រាប់អនុវត្ត សំណើជួយគ្នាទៅវិញទៅមក ដែលមានចែងក្នុងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះ គ្រប់ករណីទាំងអស់នៃការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដែលធ្វើឡើងស្របតាមសន្ធិសញ្ញា ឬអនុសញ្ញាទេ្វភាគី ឬពហុភាគីដែលបានទទួលសច្ចាប័ន ពីព្រះរាជាណាចក្រកម្ពុជាផង លើកលេងតែមានបញ្ញាតិផ្ទុយ ដែលមានចែងជាក់លាក់ក្នុងសន្ធិសញ្ញា ឬអនុសញ្ញានោះ ឬច្បាប់ផ្សេងទៀតនៃ ព្រះរាជាណាចក្រកម្ពុជា។

លោកគូសបញ្ជាក់ថា ច្បាប់នេះក៏មិនរារាំងដល់ការធ្វើសំណើ ឬទទួលសំណើទាក់ទងនឹង ការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ឬកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋបរទេសណាមួយ តាមរយៈមធ្យោបាយស្របច្បាប់ផ្សេងទៀតឡើយ ៕