ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជារងគ្រោះពេក ហើយពីគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះការអនុវត្តច្បាប់ គឺមិនត្រូវដកថយឡើយ ខណៈកម្ពុជាមានប្រជាជនតិច តែអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ចង់ស្មើវៀតណាមនិងថៃ ដែលជាប្រទេសមានប្រជាជនជិត ១០០លាននាក់ ។ នេះបើយោងតាមហ្វេប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ សម្ដេចតេជោ មានប្រសាសន៍ថា «កម្ពុជារងគ្រោះពេកហើយពីគ្រោះថ្នាក់ចរាចរណ៍ ។ យើងមានប្រជាជនតែ ១៥ លាននាក់ តែអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងប្រទេសយើងចង់ស្មើនឹង វៀតណាម និង ថៃ ដែលមានប្រជាជន ជិត ៩០ លាននាក់ និង ៧០ លាននាក់។ ហេតុនេះ ការអនុវត្តច្បាប់ចរាចរណ៍គឺមិនដកថយ ឡើយ ត្រូវតែបន្ដជានិច្ច» ៕