ផលិតកម្មអំបិល រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអំបិលជាទំនិញយុទ្ធសាស្ត្ររបស់ជាតិ។ តាមរយៈផ្ទៃដីស្រែអំបិលទូទាំងខេត្តកែប កាលពីឆ្នាំ២០២៤កន្លងទៅ ខេត្តនេះប្រមូលផលអំបិលសរុបចំនួន ៤០,៤០៨តោន កើនឡើងចំនួន ៣៧,៣៨២តោន ស្មើនឹង ១.២៣៥% បើធៀបនឹងឆ្នាំ២០២៣ ដែលផលិតបានតែចំនួន ៣,០២៦តោន ប៉ុណ្ណោះ។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានណែនាំអោយមន្ទីរជំនាញ ជំរុញការងារផលិតអំបិលនេះ អោយខ្លាំងក្លាបន្ថែមទៀត។
ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកែប នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា បើទោះបីជា សេដ្ឋកិច្ចសកល នៅមិនទាន់មានភាពនឹងនរក៏ដោយ ក៏សកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត នៅតែមានសកម្មភាព តាមរយៈការបង្កើត និងបន្តដំណើរការសហគ្រាស សិប្បកម្ម និង សេវាកម្មជាបន្តបន្ទាប់។ ជាក់ស្តែងទូទាំងខេត្ត មានមូលដ្ឋានផលិតកម្ម, រោងចក្រ, សហគ្រាស និង សិប្បកម្មចំនួន ១៩៩ទីតាំង ដែលកំពុងប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ៦៩៩នាក់ ដោយបាន ប្រើប្រាស់ដើមទុនវិនិយោគសរុបប្រមាណ ២,៩០៥,១៤២ដុល្លា ជាពិសេសគឺ សិប្បកម្មផលិតអំបិល កំពុងធ្វើសកម្មភាពផលិតយ៉ាងផុលផុស សម្រាប់ផ្គត់ផ្គង់លើទីផ្សារទូទាំងប្រទេស។
យោងរបាយការណ៍របស់លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអោយដឹងថា ខេត្តកែបមានផ្ទៃដីស្រែអំបិលសរុបចំនួន ៤៩៧.៨៧ ហិកតា ផ្ទៃដីស្រែផលិតជាក់ស្តែងមានចំនួន ៣៥១.៥ហិកតា ខណៈដីស្រែអំបិលផ្សេង ទៀតទុកចោល មិនផលិត ។ កាលពីឆ្នាំកន្លងទៅអំបិលលក់ចេញមានចំនួន ៣៧,៤៣៣តោន កើនឡើងចំនួន ៣៦,៧៩៧តោន ស្មើនឹង ៥,៧៨៦% ដោយក្នុងនោះតម្លៃអំបិលក្នុង ១ប៉ាវ(៥០គីឡូក្រាម) លក់បានចន្លោះពី ៥,០០០៛ ដល់ ១០,០០០៛។
លោកបញ្ជាក់ដែរថា បច្ចប្បន្ន អំបិលសល់ក្នុងឃ្លាំង មានចំនួន ២,៩៧៥តោន៕