ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈ មណ្ឌល សកម្មភាពកំចាត់មីនកម្ពុជានិងលោក អាយូមូ តាកាហាស៊ី (Ayumu TAKAHASHI) ប្រធានក្រុមប្រឹក្សាអង្គការ On The Road កាលពីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ បាន ចូលរួមចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើគម្រោងផ្ទេរបច្ចេក វិទ្យាក្នុងការកែច្នៃសំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាម ដើម្បីផលិត អនុស្សាវរីយ៍ រវាងអង្គភាពស៊ីម៉ាក់ និងអង្គការ On The Road។
ឯកឧត្តម ហេង រតនា បានឱ្យដឹងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា តាមរយៈកិច្ចព្រមព្រៀងនេះអង្គភាពស៊ីម៉ាក់នឹងបង្កើតរោងជាង សម្រាប់ ធ្វើការកែច្នៃសំណល់ជ័រ លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាម ដោយមានការ បណ្តុះបណ្តាលដោយអ្នកជំនាញវិចិត្រករជប៉ុននៅប្រទេសជប៉ុនព្រម ទាំង ជួយរៀបចំសម្ភារបច្ចេកទេសសម្រាប់ផលិតនៅកម្ពុជាដោយអង្គភាពស៊ីម៉ាក់ម្ចាស់ការផលិតដោយខ្លួនឯង។ គម្រោងនេះនឹងផ្តល់ការងារដល់ជនពិការ និងចូលរួមផលិតនិងលក់បម្រើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតេជោ សន្តិភាព ស្ថិតនៅក្នុងខេត្តសៀមរាបនិងទីផ្សារនៅប្រទេសជប៉ុនផងដែរ។
បើតាមឯកឧត្តម ហេង រតនា បានរំលឹកថា កាលពីកំឡុងខែសីហា ឆ្នាំ២០២៤ លោកធ្លាប់បានជួបពិភាក្សាការងារនេះជាមួយវិចិត្រករជប៉ុនដែលមាន គំនិត កែច្នៃសារធាតុជ័រសំរាមនៅតាមសមុទ្រ រើសមកកែច្នៃជាវត្ថុអនុស្សាវរីយ៍ មាន តម្លៃ នៅខេត្តអូគីណាវ៉ា។ អង្គភាពស៊ីម៉ាក់ក៏មានគោលបំណងកែច្នៃសំណល់ជ័រសំបកឬលោហធាតុគ្រាប់មីន/យុទ្ធភណ្ឌសង្គ្រាមឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍ បម្រើឱ្យទីផ្សារអនុស្សាវរីយ៍ នៅ សារមន្ទីរតេជោសន្តិភាព។ ជាពិសេសមានមហិច្ឆតាក្នុងការប្រែក្លាយពី ឧបករណ៍សម្លាប់មនុស្សសំណល់សង្គ្រាម ទៅជាវត្ថុដែលអាចបម្រើមនុស្ស ដោយសន្តិភាព។
តាមរយៈគម្រោងផែនការនេះ អង្គភាពស៊ីម៉ាក់អាចផ្តល់ការងារ ដល់ជនពិការដោយសារមីន មានលទ្ធភាពបម្រើការក្នុងសិប្បកម្មផលិតវត្ថុអនុស្សាវរីយ៍នេះផងនិងផ្តល់សេវាលក់ដូរនៅសារមន្ទីរ តេជោសន្តិភាពផងដែរ។នេះបើតាមអគ្គនាយកស៊ីម៉ាក់បញ្ជាក់៕