គណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងលើ សេចក្ដីព្រាងច្បាប់ស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

0

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ លើ “សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម” ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ឧសភានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានរៀបចំឡើង ដោយផ្អែកលើ ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០០៧ និងច្បាប់ស្ដីពីវិសោធនកម្មមាត្រា៣ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០១៣ជាគោល ព្រមទាំងបញ្ចូលយុទ្ធសាស្ត្រជាតិស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៩-២០២៣ និងអនុសាសន៍តាមស្ដង់ដារ ឆ្នាំ២០១២ របស់ FATF ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

លោក ផៃ ស៊ីផាន បន្ថែមថា ច្បាប់នេះមានគោលបំណង ធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។ លោកថា ច្បាប់នេះមានវិសាលភាពអនុវត្ត ចំពោះរាល់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។