ភ្នំពេញ ៖ សុវត្ថិភាពចំណីអាហារ និង បន្លែផ្លែ ឈើ ស្រស់ ដែលជាក្តីបារម្ភយ៉ាងខ្លាំងរបស់សង្គមកម្ពុជាលែងជាបញ្ហាកង្វល់ទៀតហើយ ស្របពេលដែលកម្ពុជា មានម៉ាស៊ីន GC-MS គឺជាម៉ាស៊ីនគុណភាពខ្ពស់ក្នុងការវិភាគ សំណល់ ថ្នាំពុលកសិកម្ម និង អាហារ ហើយតាមរយៈវត្តមានម៉ាស៊ីន GC-MS នេះ ក៏នឹង ផ្តល់ ភាពងាយស្រួលដល់ក្នុងការគ្រប់គ្រងសុវត្ថិភាពអាហារផង សន្សំពេល វេលា និង ថវិកា បានច្រើនទៀតផង ។
ថ្លែងនៅក្នុងពិធីបង្ហាញវិធីសាស្ត្រក្នុងការវិភាគសំណល់ថ្នាំពុល ក្នុងផលិតផលកសិកម្ម និង អាហារ ដោយម៉ាស៊ី GC-MS របស់ X-Labកាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើង ថាម៉ាស៊ីនGC-MSនេះនឹងរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាពចំណីអាហារជាពិសេស ផលិតផលកសិកម្មហើយក៏ធ្វើឱ្យកម្ពុជា សន្សំថវិកាបានច្រើនពីការយកសំណាក កសិផល ទៅវិភាគនៅឯបរទេស វានឹងផ្តល់ភាពប្រាកដប្រជាថា ចំណីអាហារកសិផល ដែលផលិត និង អនុញ្ញាតឱ្យដាក់ លក់នៅកម្ពុជា ពិតជាមាន សុវត្ថិភាពចំពោះ សុខភាព ពិតប្រាកដមែន។
បើតាមលោក ងិន ឆាយ បានឲ្យដឹងទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ជា វិធានការក្នុងការលើកកម្ពស់សុវត្ថិភាពចំណីអាហារ បន្លែផ្លែឈើ ស្រស់ជាដើម កម្ពុជា តែងតែយកសំណាកកសិផលទៅវិភាគនៅឯបរទេស ហើយសំណាក ឬ គំរូកសិផល មួយមុខត្រូវចំណាយថវិកាប្រមាណជា ២៥០ ដុល្លារ ដូច្នេះប្រសិនតទៅនេះគេវិភាគ នៅ ក្នុងស្រុកវិញ ចំណាយថវិកាត្រឹមតែប្រមាណជា ១០០ ដុល្លារ ប៉ុណ្ណោះ គឺ សន្សំ ទាំងថវិកា ទាំងពេលវេលា ហើយអ្វីដែលសំខាន់បំផុតនោះ គឺភាពប្រាកដ ប្រជា នៃការវិភាគ ទាំងនោះ ។
ដោយទទួលស្គាល់អំពីបញ្ហាសុវត្ថិភាពចំណីអាហារ ក្រសួងស្ថាប័នពាក់ព័ន្ធ មានក្រសួងកសិកម្ម ជាដើម បានដាក់ចេញវិធានការជាច្រើន ដូចជាកសិកម្មសរីរាង្គ ការអនុវត្តកសិកម្មល្អ និង ការគ្រប់គ្រងសារធាតុចង្រៃប្រកបដោយ ភាតរភាពបរិស្ថាន ជាដើម ។ ទោះយ៉ាងណា សុវត្ថិភាពចំណីអាហារជាពិសេសបន្លែ និង ផ្លែឈើស្រស់ នៅតែជាក្តីបារម្ភ នៅឡើយ ព្រោះវិធាន ការមិនទាន់គ្រប់ជ្រុងជ្រោយ ទាំងមិនទាន់ត្រូវបានអនុវត្តឱ្យបានត្រឹមត្រូវ និង ខ្ជាប់ ខ្ជួនជាដើម៕