មកដឹងពីពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតា របស់អ្នកស្រុកអង្គរ ខេត្តសៀមរាប

0

សៀមរាប៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គតែងប្រារព្ធនូវពិធីជាទំនៀមទម្លាប់ប្រពៃណីប្រចាំឆ្នាំជាទៀងទាត់មួយ គឺ ពិធីបុណ្យឡើងមាឃ ឬឡើងអ្នក​តា ។

តើពិធីនេះមានការរៀបចំដូចម្ដេចខ្លះ? អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ពីទំនៀមទម្លាប់ប្រពៃណីនេះថា “ឡើងមាឃ ឬ​ឡើងអ្នកតាទំនៀមបុរាណរបស់អ្នកស្រុកអង្គរដែលបញ្ជាក់ពីការបិទបញ្ចប់វដ្តនៃរដូវកសិកម្មជាទម្លាប់រៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃធំ អ្នកស្រុកក្នុង​តំបន់អង្គរ តែងតែប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹក​គគ្រេងទៅតាមលទ្ធភាព​ដែលអ្នកទ្រទ្រង់មាន មិនដែលខកខានឆ្នាំណាឡើយ”។

ភូមិស្រុកជាច្រើនក្នុងតំបន់អង្គរបានរៀបចំពិធីនេះឡើងក្នុងថ្ងៃតែមួយ នៅកន្លែងអ្នកតាដែលពួកគាត់គោរពបូជាដូចជា ក្នុងភូមិ ទីទួលបុរាណ ប្រាង្គប្រាសាទ ឬវត្តអារាមជាដើម។

ប្រភពដដែលអធិប្បាយបន្ថែមថា ជាលក្ខណៈរួម គឺពិធីឡើងមាឃ ឬឡើង​អ្នកតាតែងប្រារព្ធធ្វើឡើងនាពេលរសៀលដូចៗគ្នា និងមានគោលបំណងតែមួយ គឺដើម្បីសុំសុខសប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់ក្នុងការធ្វើកសិកម្ម សុំឱ្យ​ដីមានជីជាតិ​ទទួលបានភោគផលច្រើន សត្វចៀសផុតពីជំងឺ។ ពិសេស គឺបង្ហាញពីការបិទបញ្ចប់វដ្តនៃរដូវកសិកម្ម។ក្រៅពីលក្ខណៈ​រួម​ខាងលើ ទំនៀមបុរាណមួយនេះ ក៏មានលក្ខណៈខុសគ្នាខ្លះដែរទៅលើកិច្ចពិធីនិងរៀបចំ​គ្រឿងរណ្តាប់បូជាសំណែនដូចជា កន្លែងខ្លះធ្វើម្ហូបអាហារចំណីចំណុកចម្រុះ ខ្លះធ្វើនំបញ្ចុក ខ្លះពូនភ្នំស្រូវ កន្លែងខ្លះមានលៀងមេមត់។ ឯខ្លះទៀតពុំមាននោះ​ឡើយ។ អ្វីទាំងអស់នេះ យោងទៅតាមទម្លាប់របស់ប្រជាជន ជីវភាព និងការប្រតិបត្តិពីមួយជំនាន់ទៅមួយជំនាន់៕