បញ្ជូនខ្លួនអ្នកក្លាហានចំនួន ៨នាក់ទៅសម្រាកនៅពន្ធនាគារ​ខេត្តស្វាយរៀង

0

ស្វាយ​រៀង​៖ កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៥ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ទទួល​បាន ព័ត៌មាន​តាម​រយៈ គណនី​ហ្វេ​ស​បុក ដោយ​បាន​បង្ហោះ​វី​ដេ​អូ មាន​ខ្លឹមសារ​ថា “​ក្រុង​បា​វិត វៃ​គ្នា​សឹង​រាល់ថ្ងៃ​អនាធិបតេយ្យ​នៅ​មុខ​ប្រៃសណីយ៍ នៅ​ម៉ោង ៤:០០​ព្រឹក ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ២០២៥”​។

ក្រោយ​ពី​បាន​ទទួល​បាន​ព័ត៌មាន រួច​មក​មក លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​ចាត់តាំង​អោយ​លោក​វរសេនីយ៍ឯក គឹ​ម ឡៃ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត សហការ​ជាមួយ​លោក​វរសេនីយ៍ទោ អែម សុវណ្ណ​រិ​ទ្ធិ អធិការ​នគរបាល​ក្រុង​បា​វិត និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ​ក្មេង​ទំនើង ដែល​បាន​បង្ក​ហិង្សា​វាយ​ទៅ​លើ​យុវជន​ផ្សេង​ទៀត ព្រមទាំង​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន ០៨​នាក់ ប្រុស និង​ដកហូត​វត្ថុ​តាង​៖ ម៉ូតូ ០៣​គ្រឿង ដាវ ០១​ដើម កាំបិត​ផ្គាក់ ០១​ដើម និង​កាំបិត ០១​ដើម​។

នៅ​ចំពោះ​មុខ​សម​ត្ថិ​កិច្ច ក្មេង​ទំនើង​ទាំង ០៨​នាក់ បាន​ឆ្លើយ​សារភាព​ថា​បក្សពួក​ខ្លួន ពិតជា​បាន​បង្ក​ហិង្សា​កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៥ នៅ​ក្រុង​បា​វិត ពិតប្រាកដ​មែន​។ បច្ចុប្បន្ន ក្មេង​ទំនើង​ទាំង ០៨​នាក់ រួម​ទាំង​វត្ថុ​តាង បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តា​មី​តិ​វិធី​ច្បាប់ ហើយ​ត្រូវ​បាន​សាលាដំបូង​ខេត្ត ចេញ​ដីកាឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត រួច​ហើយ​៕