ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់កម្ពុជាបានបោះជំហានទៅមុខ ក្រោយជួបកូនព្យុះភ្លៀង

0

ភ្នំពេញ៖ ប្រសិនយើងត្រលប់ក្រោយមើលសេដ្ឋកិច្ចសង្គមរបស់កម្ពុជា នៅក្នុងអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ យើងឃើញថាមានស្ថានភាពអាក្រក់ដែលធ្វើអោយកម្រិតជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជិត១៧លាននាក់បានធ្លាក់ចុះ។ ឥទ្ធពលរបស់ជំងឺកូវិដ-១៩ ដែលជាជំងឺសកលនៅអំឡុងពេលនោះបានកាត់ដៃកាត់ជើងប្រជាពលរដ្ឋមិនអោយចេញពីផ្ទះ មិនអោយធ្វើការងាររកចំណូលនោះឡើយ។

ប៉ុន្តែក្រោយពិភពលោករកឃើញវ៉ាក់សាំង សកម្មភាពសេដ្ឋកិច្ចបានរស់ឡើងវិញ។ សម្រាប់កម្ពុជានៅឆ្នាំ២០២៤នេះ សេដ្ឋកិច្ចសង្គមបានប្រែពីអាក្រក់មកជាល្អ ដែលបានបង្ហាញតាមរយៈសង្វាក់ផលិតកម្មគ្រប់វិស័យបានធ្វើសកម្មភាពឡើងវិញ ផ្តល់ទិន្នផលសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងនាំចេញទៅទីផ្សារក្រៅប្រទេស។

តម្លៃសាំងដែលជាតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក៏ចុះទាបជាងមុន. ជាក់ស្តែងថ្លៃប្រេងឥន្ធនៈក្នុងស្រុកជាមធ្យម ថយចុះ១,៨% នៅសល់ត្រឹម៣៨៥០រៀលក្នុង១លីត្រ ដែលស្ថិតនៅក្រោម១ដុល្លារអាមេរិក (នៅថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០២៤)។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ប្រព័ន្ធបណ្តាញអគ្គិសនីជាតិ បានគ្របដណ្តប់ ៩៩.១៥% នៃចំនួនភូមិទូទាំងប្រទេស និងភ្ជាប់ចរន្តឱ្យលំនៅឋានប្រជាពលរដ្ឋរហូតដល់ ៩៧.៨២% នៃលំនៅដ្ឋានទូទាំងប្រទេស ធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានសេវាផ្គត់ផ្គង់អគ្គិសនីរដ្ឋ ក្នុងតម្លៃពី៣៨០ទៅ៧៣០រៀលក្នុង១គីឡូវ៉ាត់ម៉ោង(យោងទៅតាមបរិមាណប្រើប្រាស់)។

រីឯការផ្គត់ផ្គង់ទឹកស្អាតវិញ គិតត្រឹមដំណាច់ឆ្នាំ២០២៣ សម្រេចបានចំនួន ៦,៥១៩ ភូមិក្នុងចំណោមតំបន់សេវាសរុប ១០,១៧៣ ភូមិ ស្មើប្រជាជនប្រមាណ ៦,៥ លាននាក់ នៅទូទាំងប្រទេស បានទទួលទឹកស្អាតប្រើប្រាស់ពីប្រព័ន្ធបណ្តាញទឹកស្អាត ក្នុងតម្លៃពី៤០០ទៅ៧២០រៀលក្នុង១ម៉ែត្រគូប។

ស្របពេលជាមួយគ្នានេះ ប្រាក់រៀលខ្មែរកាន់តែមានតម្លៃ ដែលក្នុងបរិមាណ៤០០៦រៀលអាចទិញបាន១ដុល្លារអាមេរិក នៅក្រោយពេលបុណ្យអុំទូកឆ្នាំ២០២៤នេះ ប្រៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលទាមទារអោយយើងមានរហូតទឹកប្រាក់៤ ១៣៣រៀលទើបអាចទិញបាន១ដុល្លារ ។

ក្នុងឆ្នាំ២០២៤នេះ អត្រាអតិផរណាតម្លៃទំនិញនៅកម្ពុជាបានចុះមកនៅត្រឹម២,៧% ខណៈកាលពីឆ្នាំ២០២១ អត្រាអតិផរណា មានកម្រិត២,៩ភាគរយ ហើយកាលពីឆ្នាំ២០២២ អត្រាអតិផរណាមានកម្រិតរហូតទៅដល់៥,៤ ភាគរយ ។ ទោះជាយ៉ាងណាក្តីនៅឆ្នាំ២០២៤នេះ មានការកើនឡើងតម្លៃអង្ករក្នុងស្រុក ដែលអាចបណ្តាលមកពីកត្តាធម្មជាតិរាំងស្ងួត ដែលធ្វើអោយទិន្នផលស្រូវធ្លាក់ចុះ និងការបន្តបន្ថយពន្ធលើការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ។

ជាមួយគ្នារដ្ឋាភិបាលអាណត្តិទី៧ បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាលារៀន មន្ទីរពេទ្យ ផ្លូវគមនាគមន៍ និងធារាសាស្ត្រ។ នៅក្នុងបរិការណ៍ ដែលកម្ពុជាកំពុងទទួលផលពីសុខសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេស ហើយសេដ្ឋកិច្ច ក៏កំពុងងើបឡើងវិញ និងត្រឡប់ទៅរកភាពប្រក្រតីក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើអោយអត្រាប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើនៅ ក្នុងប្រទេសកម្ពុជាបានបន្តកើនឡើងរហូតទៅ ដល់ ៩៩.៣ ភាគរយដែលរក្សាបាននូវអត្រា ដែលល្អបំផុតមួយនៅក្នុងពិភពលោក។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរំពឹងថាសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប( ផសស )ស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារអាមេរិក ដែលជំរុញឱ្យប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋខ្មែរក្នុងម្នាក់ៗនៅឆ្នាំ២០២៤នេះត្រូវបានរំពឹងថានឹងកើនឡើងដល់ ២ ០៧១ ដុល្លារ អាមេរិក បើប្រៀបធៀបនឹងបរិមាណ ១ ៩១៧ ដុល្លារអាមេរិក កាលពីឆ្នាំ២០២៣ ហើយដែលកាលពីឆ្នាំ២០២២ ផសស សម្រាប់មនុស្សម្នាក់មានត្រឹមតែ១ ៧៨៤ដុល្លារ អាមេរិកតែប៉ុណ្ណោះ។ ទាំងនេះបានលើកស្ទួយកម្រិតសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋខ្មែរ ហើយបង្កើតឡើងនូវការផ្លាស់ប្តូរមុខមាត់និងសេចក្តីសុខសាន្ត ដូចដែលរាជរដ្ឋាភិបាលបានដាក់គោលដៅដើម្បីសម្រេចមហិច្ឆតារបស់ខ្លួននោះគឺធ្វើអោយកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខនេះ៕