ភ្នំពេញ៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅពេលថ្ងៃកំណត់ ឬអាចមុនថ្ងៃកំណត់ ។ នេះជាការបញ្ជាក់របស់ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធcdcIPM) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានឆ្លើយតបទៅកាន់សារព័ត៌មានបរទេសមួយចំនួន ដែលបានផ្សព្វផ្សាយ ថា “គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោត្រូវជាប់គាំងដោយសារគ្មានជំនួយហិរញ្ញវត្ថុ” គឺជាព័ត៌មាន គ្មានមូលដ្ឋាន ប្រាស់ចាកពីការពិតទាំងស្រុង ។
ឯកឧត្ដមពន្យល់ថាបច្ចុប្បន្នក្រសួង និងស្ថាប័ន ពាក់ព័ន្ធកំពុងចុះធ្វើការងារសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដែលរងផងប៉ះពាល់ជុំវិញគម្រោងសាងសង់ ព្រែកជីកហ្វូណនតេជោ ដូចនេះ មិនមែនស្ងាត់មិនធ្វើអ្វីសោះ ដូចការលើកឡើងរបស់សារព័ត៌មានបរទេសទាំងនោះឡើយ ។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញថា «ការបោះជំហ៊ានចម្ងាយ ១៨០គីឡូម៉ែត្រ ត្រូវចាប់ផ្ដើមពីជំហ៊ានទី១ មិនអាចឈានទៅដល់ ១៨០គីឡូម៉ែត្រ នោះទេ» តួយ៉ាងក្នុងអំឡុងពេលនេះ ឯកឧត្ដម កំពុងធ្វើការងារយ៉ាងសកម្មនៅក្នុងគម្រោងមួយនេះ ពោលគឺផ្ទុយស្រឡះពីការចុះផ្សាយ ដែលឯកឧត្ដមចាត់ទុកថា ជាព័ត៌មានមិនពិត (Fake News) ។
សូមជម្រាបជូនថា មួយរយៈខ្លីចុងក្រោយនេះ មានសារព័ត៌មានបរទេសមួយចំនួន បានចុះផ្សាយពីគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ថាត្រូវបានជាប់គាំងដោយសារភាពស្រពិកស្រពិលរបស់ភាគីចិន ។ សារព័ត៌មានបរទេសទាំងនោះបានលើកឡើងថា ភាពស្រពិចស្រពិល មិនច្បាស់លាស់នេះហើយ បានធ្វើឱ្យកម្ពុជាមិនមានដើមទុនគ្រប់គ្រាន់ រហូតឈានដល់ ផ្អាកការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលរដ្ឋាភិបាលកម្ពុជា រំពឹងថាជាផ្លូវទឹកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។
សូមរំលឹកថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោត្រូវបានសម្ពោធបើកការដ្ឋានកាលពីថ្ងៃទី៥ខែសីហាឆ្នាំ២០២៤ ហើយបើតាមគម្រោងគឺសាងសង់រយៈពេល៤ឆ្នាំអោយរួចរាល់ជាស្ថាបពរ៕