ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាដំណើរការនីតិវិធីល្អបំផុតមួយ

0

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាននិយាយថា ការដោះស្រាយវិវាទនៅក្រៅប្រពន្ធ័តុលាការ គឺជាដំណើរការនីតិវិធីល្អបំផុតមួយ ដែលអាចជួយមនុស្សពីរនាក់ជាគូទំនាស់ឱ្យរកឃើញនូវភាពឈ្នះឈ្នះរៀងខ្លួនដោយមិនមានអ្នកចាញ់។

ឯកឧត្តមបានលើកឡើងដូចនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាធិបតីភាពក្នុងពិធីប្រកាសផ្ទេរ និងតែងតាំងមុខតំណែងលោក ស៊ិន វិរៈ ពីព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ មកជាព្រះរាជសាលាដំបូងខេត្តកំពង់ស្ពឺ ជំនួសលោកស្រី ចាតសូ រស្មី ដែលត្រូវផ្ទេរទៅកាន់សាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសង្កត់ធ្ងន់ថា នីតិវិធីសម្របសម្រួល និងដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ គឺជានីតិវិធីល្អជាងគេសម្រាប់សង្គមដែលអាជ្ញាធរមានសមត្ថកិច្ច និងចៅក្រម គួរយកមកប្រើដើម្បីជៀសវាងការកាត់ក្តីឱ្យមានអ្នកឈ្នះ និងអ្នកចាញ់ដោយភាពលំអៀង។ល។ ប៉ុន្តែបើគ្មានជម្រើសទេ គឺត្រូវតែអនុវត្តតាមប្រពន្ធ័តុលាការ តែការអនុវត្តតាមប្រពន្ធ័នេះនឹងធ្វើឱ្យគូក្តីត្រូវប្រឈម និងពាក្យស្លោកចាស់បុរាណថា «ធ្ងន់ និងថ្ម ក្រនិងក្តី»។


ក្នុងន័យនេះ គឺកាលណាមានរឿងក្តី មានវិវាទកើតឡើង គឺមានការក្តៅក្រហាយចាប់ផ្តើមមានហើយ បើមានវិវាទកើតមានឡើង ភាគីទាំងពីរ គឺចង់បានឈ្នះរៀងខ្លួន ដែលធ្វើឱ្យគ្រួសារគូទំនាស់មិនមានពេលវេលា ក្នុងការរកស៊ីទទួលទានរវល់ក្នុងការដើរក្តីហើយត្រូវពឹងមេធាវីបន្តបន្ទាប់ដែលការពឹងនេះត្រូវចំណាយនូវទ្រព្យធនរួមទាំងសមាជិកគ្រួសារផងដែរ ដើម្បីវិនិយោគយកការឈ្នះក្តី។ ទន្ទឹមនិងដំណើរការក្តីនេះ គឺគូទំនាស់មិនមានពេលវេលា គ្រប់គ្រាន់ ក្នុងការរកស៊ីទេ ដែលធ្វើឱ្យជីវភាពក្នុងគ្រួសារកាន់តែដុនដាបទៅ ហើយមានរឿងក្តីខ្លះត្រូវតតាំងក្តីរហូតដល់បាត់បង់សមាជិកគ្រួសារ ឬគ្រួសារខ្លះក្លាយជាសត្រូវនឹងគ្នាអស់មួយជីវិតក៏មាន។

ជាមួយនឹងការលើកឡើងនេះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានផ្តាំផ្ញើដល់ព្រះរាជអាជ្ញា ចៅក្រមនៃសាលាដំបូងខេត្តកំពង់ស្ពឺ ឱ្យបន្តខិតខំប្រឹងប្រែងពន្លឿនយន្តការដោះស្រាយឱ្យបានលឿនប្រកបដោយយុត្តិធម៌ ចៀសវាងការកកស្ទះសំណុំរឿង និងអូសបន្លាយពេលច្រើនឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធិ បានជំរុញ និងក្រើនរំលឹកដល់អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការបម្រើសេវាសាធារណជូនដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយគុណភាព តម្លាភាព រហ័ស និងទទួលបានការជឿទុកចិត្ត។ ទន្ទឹមនឹងនោះដែរ ត្រូវបង្កើនការដោះស្រាយទំនាស់ផ្សេងៗនៅក្រៅប្រពន្ធ័តុលាការ ប្រសើរជាងការប្តឹងទាមទារឱ្យមានការកាត់ក្តីពីប្រពន្ធ័ច្បាប់ ដោយនាំឱ្យខាតបង់ទាំងពេលវេលា និងប្រាក់កាស។

ជាងនេះទៅទៀត អាជ្ញាធរត្រូវខិតខំសម្របសម្រួលដោះស្រាយឱ្យអស់លទ្ធភាពជូនប្រជាពលរដ្ឋ ហើយលទ្ធផលនៃការដោះស្រាយទទួលបានជោគជ័យនោះ ពិតជាបានសម្រាលបន្ទុករឿងក្តីមួយផ្នែកពីតុលាការផងដែរ។ បើការដោះស្រាយ សម្របសម្រួលមិនទទួលបានការឯកភាពរវាងភាគីទាំងពីរ និងអស់លទ្ធភាពក្នុងការដោះស្រាយក្តៅប្រព័ន្ធ ចាំបញ្ជូនមកតុលាការក៏មិនយឺតពេលដែរ៕

ប្រភព៖ AKP