ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត ដែលរងផលប៉ះពាល់ទឹកជំនន់ ដើម្បីជួយជន្លៀសពលរដ្ឋ រកទីទួលសុវត្ថិភាព

0

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត គិតត្រឹមព្រឹកថ្ងៃទី២១ តុលា ២០២៣នេះ មានសភាពហ្នឹងងនរ ហើយកន្លែងខ្លះក៏បានស្រកចុះខ្លះៗហើយដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងនាមអាណាព្យាបាល  ប្រជាពលរដ្ឋ ពិសេសអាជ្ញាធរខណ្ឌ ,សង្កាត់ និងមន្រ្ដីពាក់ព័ន្ធត្រូវតាមដានស្ថានភាពទឹកជំនន់ ដើម្បីជួយរំដោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ទៅរកទីទួលសុវត្ថិភាពភ្លាម ៗផងដែរ ។

ឯកឧត្ដម ឃួង ស្រេង បានអំពាវនាវបែបនេះ ខណៈឯកឧត្ដមដឹកនាំមន្រ្ដីជំនាញចុះពិនិត្យស្ថានភាពសណ្ដរស្ទឹងព្រែកត្នោតក្នុងខណ្ឌដង្កោ និងខណ្ឌកំបូល  នៅព្រឹកថ្ងៃសៅរ៏៧ កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័កព.ស ២៥៦៧ ត្រូវនិងថ្ងៃទី២១ តុលា ២០២៣ ។


ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅស្ទឹងព្រែកត្នោត គិតមកដល់ពេលនេះ ស្ថានភាពទឹកនៅមានសភាពនៅត្រឹង(នឹង) ។ ប៉ុន្តែទោះបីជាយ៉ាងក្តី  ខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលរងការលិចលង់នេះមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពិសេសក្មេងតូចៗនេះតែម្ដង ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា បើគិតមកដល់ពេលនេះសង្កាត់ចំនួន១០ នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោបានទទួលរងការលិចលង់ និងបានធ្វើឱ្យប្រជាពលរដ្ឋ២០៧៥គ្រួសារ ទទួលរងគ្រោះដោយការលិចលង់នេះ ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងនាំយកអំណោយរបស់កាកបាទក្រហមលម្ពុជា និងអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា មកចែកជូនបងប្អូននៅពេលខាងមុខនេះ ។


ឯកឧត្ដមបានបញ្ជាក់ថា ដោយសារទឹក ហូរកាត់លើផ្លូវលេខ២១A ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទការធ្វើបរាចរណ៍ លើកំណាត់ផ្លូវមួយនេះជាបណ្ដោះអាសន្នសិន ចំពោះរថយន្តធំៗ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់និងអធ្យាស្រ័យ។


សូមបញ្ជាក់ថា សង្កាត់ទាំង១០របស់ខណ្ឌដង្កោ ដែលបានទទួលរងការលិចលង់នេះ រួមមានសង្កាត់គងនយ សង្កាត់ទៀន សង្កាត់សាក់សំពៅ, សង្កាត់ព្រៃស ,សង្កាត់ដង្កោ,សង្កាត់ក្រាំងពង្រ, សង្កាត់ជើងឯក, សង្កាត់ព្រែកកំពឺស , សង្កាត់ស្ពានថ្ម និងសង្កាត់រលួស ។ សង្កាត់ដែលទទួលរងការលិចលង់ទាំង ១០នេះ មិនមានន័យថា លិចទូទាំងសង្កាត់នោះទេ ពោលគឺគ្រាន់តែលិចមួយផ្នែកណាខ្លះ នៃលំនៅឋានរបស់បងប្អូនក្នុងសង្កាត់នោះប៉ុណ្ណោះទេ ៕

ប្រភព៖ AKP