បរទេស៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីលោក យូន ស៊ុកយុល នឹងធ្វើទស្សនកិច្ចរយៈពេល ៥ថ្ងៃទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសកាតានៅចុងសប្តាហ៍នេះ ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ ព្រមទាំងស្វែងរកផ្នែកថ្មីនៃកិច្ចសហប្រតិបត្តិការលើសពីវិស័យថាមពល និងសំណង់។
យោងតាមទីប្រឹក្សាសន្តិសុខជាតិរងរបស់កូរ៉េខាងត្បូង លោក គីម តេយ៉ូ បានឱ្យដឹងថា លោក យូន នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត ពីថ្ងៃសៅរ៍ស្អែកនេះដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ហើយនឹងជួបប្រជុំកំពូលជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រី លោក ម៉ូហាមមេដ ប៊ីន សាលម៉ាន អាល់ សាដ។
បន្ទាប់ពីទីក្រុងរីយ៉ាដ លោក យូន នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងដូហា នៃប្រទេសកាតា ពីថ្ងៃអង្គារដល់ថ្ងៃពុធសប្តាហ៍ក្រោយ និងចូលរួមកិច្ចប្រជុំកំពូលជាមួយព្រះមហាក្សត្រនៃប្រទេសកាតា ព្រះអង្គម្ចាស់ អ៊ីមារ ស៊ីខ៍ តាមីម ប៊ីន ហាម៉ាដ អាល់ ថានី។
លោក ចូយ សាងមុក លេខាធិការជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកប្រធានាធិបតីគ្រោងនឹងប្រើប្រាស់កិច្ចប្រជុំកំពូលទាំងពីរនោះ ដើម្បីពិភាក្សាអំពីវិធីធ្វើឱ្យមានស្ថិរភាពប្រេង និងការផ្គត់ផ្គង់ឧស្ម័ន ចំពេលដែលមានការកើនឡើងនូវភាពមិនច្បាស់លាស់ និងការប្រែប្រួលតម្លៃប្រេងដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន និងអ៊ីស្រាអែល។
គណៈប្រតិភូទៅកាន់ទីក្រុងរីយ៉ាដនឹងរួមមានទាំងប្រធានប្រតិបត្តិក្រុមហ៊ុនអេឡិចត្រូនិចសាំស៊ុង លោក លី ចេយ៉ុង ប្រធានប្រតិបត្តិក្រុមហ៊ុនរថយន្តហ៊ីយ៉ាន់ដាយគ្រុប លោក អ៊ីវស៊ុន ចុង ប្រធានក្រុមហ៊ុនជីអេសគ្រុប លោក ហូហ៍ តេសូ និងថ្នាក់ដឹកនាំក្រុមហ៊ុនផ្សេងៗទៀត៕
ប្រភព៖ AKP