ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា សហគ្រាសមីក្រូ តូច និង មធ្យមដែលបានចុះឈ្មោះក្នុងបញ្ជី ដោយស្ម័គ្រចិត្តក្នុងដំណាក់កាលអន្តរកាល នឹងទទួលបាននូអត្ថប្រយោជន៍នៃការលើកលែងពិន័យនានា បំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងទៅ និងការផ្ដល់ការលើកទឹកចិត្តខាងពន្ធដារផ្សេងៗ ។ ការបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខា ភ្នំពេញ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការអនុគ្រោះ ៩ ចំណុចសម្រាប់បងប្អូនដែលចុះឈ្មោះនៅក្នុងដំណាក់កាលនេះ គោលការណ៍ធំរបស់យើងគឺ ១.ផ្ដល់ការលើកលែងការពិន័យ និងបំណុលទាំងអស់នៅក្នុងឆ្នាំ ២០២៣-២០២៨ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកដើម្បីបើកផ្លូវឱ្យបងប្អូនចូលមកប្រកបអាជីវ កម្មក្នុងប្រព័ន្ធដោយមិនមានការព្រួយបារម្ភ។២.ការផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ ២០២៣ -២០២៨ លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវា ធ្វើបច្ចុប្បន្នភាព។ ៣.ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តពីឆ្នាំ ២០២៣-២០២៨ តាមរយៈ១.ការលើកលែងទោសទណ្ឌនឹងបំណុលពន្ធចំពោះ ការមិនបានបំពេញអនុលោមភាពកន្លងមកមុនពេលចុះបញ្ជីទី២.លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពនៅពេលចុះបញ្ជីនិងទី ៣.លើកលែងពន្ធ លើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូលនិងពន្ធអប្បបរមាសម្រាប់ពីឆ្នាំក្រោយការចុះបញ្ជី ។ ៤.ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យមចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៤-២០២៥ តាមរយៈទី១.លើកលែងទោសទាន់នឹងបំណុល ពន្ធចំពោះការមិនបានបំពេញអនុលោមភាពនៃកន្លងមកមុនពេលចុះបញ្ជីនិងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូលនិងពន្ធអប្បបរមាសម្រាប់ពីឆ្នាំក្រោយការចុះបញ្ជី។ ៥.ផ្ដល់ការលើទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូចនិងមធ្យមចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៤ និង ២០២៥ តាមរយៈការលើកលែងបង់ពន្ធប៉ាតង់សម្រាប់ រយៈពេល ២ ឆ្នាំបន្ទាប់ពីការសម្រេចចុះបញ្ជី ។ ៦.ការកាត់បន្ថយថ្លៃសេវាសម្រាប់កាតផ្ដល់សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស និង ការចុះមជ្ឈការសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាននិងសៀវភៅបើកប្រាក់ខែសម្រាប់សហគ្រាស ដែលមានកម្មករនិយោជិកតិចជាង ០៨ នាក់ ។ ៧.ពង្រឹងយន្តការស្វ័យត្រួតពិនិត្យនិងពង្រឹងអនុវត្តន៍យន្តការក្រុមអធិការកិច្ចអន្តរក្រសួងនៅថ្នាក់ជាតិដើម្បីធានាការចុះធ្វើអធិការកិច្ចក្នុងពេលតែមួយធ្វើតែមួយលើកក្នុងមួយ ឆ្នាំ។ ៨.រៀបចំការធ្វើការត្រួតពិនិត្យនិងការធ្វើអធិការសហកិច្ចរួមគ្នាក្នុងពេលតែមួយនឹងតែមួយលើកក្នុងមួយឆ្នាំនៅថ្នាក់ក្រោមជាតិ សម្រាប់គ្រប់សហគ្រាសដែលបានឬមិនទាន់បាន ចុះបញ្ជីឬស្នើសុំអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗ។ ៩.រៀបចំបង្កើតបទដ្ឋានគតិយុត្តិនិងក្របខណ្ឌនិងយន្តការដែលផ្ដល់ស្ថានភាពស្របច្បាប់ជាសហគ្រាសធនមីក្រូនិងតូចដោយភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗដូចជាការលើកលែងថ្លៃបង់សេវារដ្ឋបាលនានារយៈពេល ៥ ឆ្នាំជាដើម។
សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺលើកទឹកចិត្តឱ្យបងប្អូនចូលរួមមិនមានការបង្ខំឱ្យបងប្អូនចូលរួមទេ។ បងប្អូនកុំច្រឡំថាគោលនយោបាយនេះត្រូវបង្ខំឱ្យអ្នកលក់ទឹកអំពៅឱ្យចុះឈ្មោះ។ សម្ដេចធិបតីបន្ដថា គោលការណ៍លើកទឹកចិត្តឱ្យបងប្អូនដើម្បីចុះឈ្មោះតាមរយៈការបង្ហាញជាក់ស្ដែងនៅអត្ថប្រយោជន៍ដើម្បីបងប្អូនបានចូលរួម ហើយចង់ឱ្យ បងប្អូនចូលរួមឱ្យបានច្រើននៅក្នុងដំណាក់កាលអន្តរកាលនេះ ដែលរាជរដ្ឋាភិបាលចង់បានទិន្នន័យដើម្បីងាយស្រួលនិងការដាក់ចេញគោលនយោបាយដើម្បីជួយបងប្អូនឱ្យទាន់ពេលវេលានឹងចំគោលដៅពិសេសនៅក្នុងពេលលំបាកកូវីដ១៩។ សម្ដេចធិបតីអះអាងថា យើងធ្លាប់ធ្វើហើយ ទៅមុខទៀតអាចមានអតិផរណាសេដ្ឋកិច្ចនិងបញ្ហាផ្សេងៗ ហើយវិធានការអាទិភាពទាំង ៦ របស់រាជរដ្ឋា ភិបាលគឺផ្តោតខ្លាំងទៅលើការជួយបងប្អូននេះឯង៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា