ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទ្បើងថា ដើម្បីផ្តល់នូវការធានា និងលើកទឹកចិត្តដល់ប្រជាជនដែលប្រកបរបរមានលក្ខណៈតូច និងមធ្យម ហើយស្ថិតក្រៅប្រព័ន្ធ អាចចូលរួមក្នុងការចុះបញ្ជី និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយបាន, រាជរដ្ឋាភិបាលបានដាក់ចេញនូវការអនុគ្រោះដែលជាអត្ថប្រយោជន៍ជាច្រើនជូនដល់សហគ្រាសធុនតូច និងមធ្យម មានជាអាទិ៍៖ ១) ផ្តល់ការលើកលែងការផាកពិន័យ និងបំណុលទាំងអស់ក្នុងឆ្នាំ២០២៣-២០២៨ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក ដើម្បីបើកផ្លូវឱ្យសហគ្រាសដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចធ្វើអន្តរកាល និងចាប់ផ្តើមអាជីវកម្មថ្មីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដោយមិនមានការព្រួយបារម្ភ, ២) ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាព, ៣) ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ តាមរយៈការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបានបំពេញ អនុលោមភាពកន្លងមកមុនការចុះបញ្ជី លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាពនៅពេលចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល២ឆ្នាំ ក្រោយការចុះបញ្ជី, ៤) ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ តាមរយៈការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី, ៥) ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ តាមរយៈការលើកលែងការបង់ពន្ធប៉ាតង់សម្រាប់រយៈពេល ២ឆ្នាំ បន្ទាប់ពីទទួលបានការសម្រេចឱ្យចុះបញ្ជី, ៦) កាត់បន្ថយថ្លៃសេវាសម្រាប់ការផ្តល់សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស និងការចុះបញ្ជិកាសៀវភៅ បញ្ជីប្រចាំគ្រឹះស្ថាន និងសៀវភៅបើកប្រាក់ខែ សម្រាប់សហគ្រាសដែលមានចំនួនកម្មករ និយោជិតតិចជាង ៨នាក់, ៧) ពង្រឹងយន្តការស្វ័យត្រួតពិនិត្យ និងពង្រឹងការអនុវត្តយន្តការក្រុមអធិការកិច្ចអន្តរក្រសួង នៅថ្នាក់ជាតិ ដើម្បីធានាការចុះធ្វើអធិការកិច្ចរួមគ្នាក្នុងពេលតែមួយនិងមួយលើកក្នុងមួយឆ្នាំ, ៨) រៀបចំការចុះត្រួតពិនិត្យ ឬធ្វើអធិការកិច្ចរួមគ្នាក្នុងពេលតែមួយនិងតែមួយលើកក្នុងមួយឆ្នាំ នៅថ្នាក់ក្រោមជាតិ សម្រាប់គ្រប់សហគ្រាសដែលបានឬមិនទាន់បានចុះបញ្ជី ឬស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗ និង៩) រៀបចំបង្កើតបទដ្ឋានគតិយុត្ត ក្របខ័ណ្ឌ និងយន្តការ ដែលផ្តល់ស្ថានភាពស្របច្បាប់(Legal Status) ជាសហគ្រាសធុនមីក្រូនិងតូច(MSEs) ដោយភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ ដូចជាការលើកលែងការបង់ថ្លៃសេវារដ្ឋបាលនានា សម្រាប់រយៈពេល ៥ឆ្នាំ ជាដើម៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា