ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ការដាក់ចេញឱ្យអនុវត្តន៍នូវយុទ្ធសាស្ត្រជាតិចំពោះបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាគោលនយោបាយ ឈ្នះ-ឈ្នះ ទាំងអស់គ្នាពោលគឺរដ្ឋក៏ឈ្នះ អ្នកក្រៅប្រព័ន្ធក៏ឈ្នះជាតិយើងឈ្នះទាំងមូល ។ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនេះក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ភ្នំពេញ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ការចុះបញ្ជីរបស់បងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តើរដ្ឋបានអ្វី គឺរដ្ឋបានព័ត៌មាន ដើម្បីរៀបចំផែនការជួយឱ្យបានចំគោលដៅ ជួយឱ្យចំតម្រូវការ និងទាន់ពេលវេលា នឹងរដ្ឋបានមកវិញបែបហ្នឹង រដ្ឋក៏បានមួយទៀត នូវធនធានមនុស្ស និងកម្លាំងសេដ្ឋកិច្ច កាន់តែមានសក្កានុពលចូលរួមនៅក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ។ នេះជាអ្វីដែលរដ្ឋបាន អ្វីទៅដែលប្រជាពលរដ្ឋ នៅក្នុងក្រៅប្រព័ន្ធបាន គឺការជួយអនុគ្រោះ ការគាំទ្រ និងការថែបំប៉ន នៅក្នុងគោលការណ៍ទាំងប៉ុន្មាន ដើម្បីឱ្យគាត់កាន់តែរឹងមាំ។ អីចឹង គោលនយោបាយនេះ គឺគោលនយោបាយឈ្នះឈ្នះ រដ្ឋក៏ឈ្នះ ប្រជាពលរដ្ឋ ជាពិសេសអ្នកក្រៅប្រព័ន្ធក៏ឈ្នះ ជាតិយើងឈ្នះទាំងមូល។»
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា៖ «នេះហើយគឺជាគោលគំនិត នៃយុទ្ធសាស្ត្រជាតិ នៅក្នុងការដាក់ឱ្យអនុវត្តន៍ ហើយយើងនឹងឈានជាជំហ៊ាន វិសាលភាពរបស់យើង នឹងខិតខំដើម្បីបង្រីកឱ្យបានច្រើនជាជំហ៊ាន។ នេះហើយគឺជាអ្វី ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដែលខ្ញុំទៅថ្ងៃមុនរឿង ម៉ែកូនពៅ ប៉ុន្តែត្រូវយល់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ទោះជាលទ្ធភាពរដ្ឋយើងមានប៉ុន្មាន មិនអាចមានធំដំ ដូចប្រទេសជាច្រើនលើពិភពលោក ដែលមានលទ្ធភាពធំ តែរដ្ឋយើងមិនបាននៅស្ងៀម នៅក្នុងការជួយដល់ប្រជាពលរដ្ឋយើង នៅគ្រប់បែបយ៉ាង គ្រប់ពេលវេលា គ្រប់លទ្ធភាពដែលធ្វើទៅបាន និងគ្រប់មធ្យោបាយ ជាពិសេស ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះនោះទេ នេះគឺជាការប្តេជ្ញាចិត្តរបស់យើង»។
សូមជម្រាបថា យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នឹងជួយលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួម ទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាភាពធន់ ភាពប៉ាន់ប្រមាណបាន ភាពរីកចម្រើនទៅមុខ នៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ ព្រមទាំងការងារចិញ្ចឹមជីវិត៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា