៨ថ្ងៃ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណី និងឃាត់ខ្លួនជិត៤០នាក់ទៀត

0

ភ្នំពេញ ៖ គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥ សមត្ថកិច្ច​បាន​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ទូ​ទាំង​ប្រទេស បាន​ជាង​១០​ករណី និង​ឃាត់ខ្លួន​មនុស្ស​បាន​ជិត​៤០​នាក់​ដោយ​ភាគច្រើន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​។ នេះ​បើ​តាម​លោក​បណ្ឌិត ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​។ ករណី​ក្មេង​ទំនើង​ដែល​បង្ក្រាប​បាន​នេះ គឺ​មាននៅ​ក្នុង​មូលដ្ឋាន រាជធានី​ភ្នំពេញ បាត់ដំបង ពោធិ៍សាត់ បន្ទាយ​មាន​ជ័យ ក្រចេះ ស្វាយ​រៀង និង​ខេត្តកំពត​។ បើ​តាម​លោក​បណ្ឌិត ទូច សុ​ឃៈ លទ្ធផល​នៃ​ការ​បង្ក្រាប​ក្មេង​ទំនើង​នេះ ផ្តើម​ចេញពី​ការ​យកចិត្តទុកដាក់​របស់​សមត្ថកិច្ច ព្រមទាំង​ការ​ចូលរួម​សហការ​ពី​ប្រជាពលរដ្ឋ​។

អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ជា​ប្រចាំ​ឱ្យ​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ រួម​ទាំង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ តាម​បង្ក្រាប​ឱ្យ​បាន ក្រុម​ក្មេង​ទំនើង ដើម្បី​បញ្ជូន​ខ្លួន​ឱ្យ​តុលាការ​ផ្តន្ទាទោស និង​នាំ​ទៅ​ឃុំ​នៅ​ពន្ធនាគារ​។ ឯកឧត្តម​ក៏​បាន​ណែនាំ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ត្រៀមលក្ខណៈ​ទទួល​ឃុំ​ក្រុម​ក្មេង​ទំនើង​ផង​ដែរ​។

ក្នុង​ពិធី​បិទ​សន្និបាត​រដ្ឋបាល​ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​២១ ខែមករា ម្សិលមិញ ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​យកចិត្តទុកដាក់​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ជា​អាណាព្យាបាល បង្កើន​ការ​អប់រំ ទូន្មាន ប្រៀនប្រដៅ​កូនចៅ​របស់​ខ្លួន និង​ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច​ភ្លាម​ៗ ប្រសិនបើ​ដឹង​ថា​កូនចៅ​របស់​ខ្លួន​កំពុង​ដើរ​ចូល​កន្លង​ក្មេង​ទំនើង​ប្រដៅ​មិន​ស្ដាប់ ឬ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​សេព​គ្រឿងញៀន ក្នុង​ន័យ​ដើម្បី​រួម​គ្នា​តម្រង់ផ្លូវ​ពួក​គេ ចៀសវាង​ទុក​រហូត​កើត​មាន​បញ្ហា​កាន់តែ​ធំ​៕