ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិ សម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចង្អៀត និងពេញអង្គ នៃក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្រោមអធិបតីភាពរបស់ឯកឧត្តម AIRLANGGA HARTARTO រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច នៃសាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។
នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងពីទស្សនៈល្អៗមួយចំនួនក្នុងន័យជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ ដូចជា ការបន្តខិតខំប្រឹងប្រែងលើការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ រវាងប្រទេសជាសមាជិក ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ឱ្យកាន់តែស៊ីជម្រៅ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ បរិវត្តកម្មឌីជីថលនៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្ម និងការបង្កលក្ខខណ្ឌអំណោយផលទៅលើបរិស្ថានពាណិជ្ជកម្មជាដើម សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវភាពធន់ របស់ច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល។
ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ នៅក្នុងដំណើរការ នៃការរៀបចំចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ២០២៥ សំដៅធ្វើយ៉ាងណាឱ្យអាស៊ានអាចបញ្ចប់ការងារនេះបានទាន់ពេលវេលាតាមការគ្រោងទុក ។
លោកជំទាវក៏បានចូលរួមកម្មវិធី ប្រកាសបើកការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌឌីជីថលអាស៊ាន ដែលកិច្ចព្រមព្រៀងនេះនឹងជួយពន្លឿនដល់ ការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសលើកកម្ពស់ភាពប្រកួតប្រជែង របស់អាស៊ានក្នុងបរិបទសកល។
សម្រាប់ដំណើរការ នៃការរៀបចំឯកសារចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ២០២៥ លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការបន្តតួនាទីដ៏សំខាន់ របស់សហគមន៍សេដ្ឋកិច្ចអាស៊ាន នៅក្នុងការបង្កើតទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ដោយធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាព របស់សហគមន៍សេដ្ឋកិច្ចអាស៊ាន នៅក្នុងដំណើរការ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងធ្វើយ៉ាងណាឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅតែជាតំបន់មួយអាចឆ្លើយតបបានលឿន ទៅលើភាពមិនប្រាកដនិយមណាមួយ ដែលអាចកើតនៅពេលអនាគត ដូចជា ការរីករាលដាលនៃជំងឺសកល, ការប្រែប្រួលអាកាសធាតុ, និងភាពតានតឹង នៃភូមិសាស្រ្តនយោបាយជាដើម។
សូមបញ្ជាក់ថា កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីកត់សម្គាល់ ក៏ដូចជាចែករំលែកទស្សនៈល្អៗ លើវឌ្ឍនភាពសេដ្ឋកិច្ចសកល និងដំណើរការ នៃការរៀបចំឯកសារចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ២០២៥ ។ កិច្ចប្រជុំបានអនុម័តលើឯកសារសំខាន់ៗមួយចំនួន ជាពិសេសយុទ្ធសាស្រ្តអាស៊ានស្តីពី អព្យាក្រឹតកាបូន ក៏ដូចជាក្របខ័ណ្ឌសេដ្ឋកិច្ចពណ៌ខៀវអាស៊ាន ដែលជាគំនិតផ្តួចផ្តើមអាស៊ាន ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ៕
ប្រភព៖ ក្រសួងព័ត៌មាន