ឃាត់ខ្លួនមនុស្សម្នាក់ ពាក់ព័ន្ធ​ករណី​ “​ឆបោក និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ​”

0

កំពង់ឆ្នាំង​៖ ដោយ​បានការ​អនុញ្ញាត​ពី លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុ​ន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង និង​មានការ​សម្របសម្រួល​ពី ឯកឧត្តម ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​វេលា​ម៉ោង​១៨:៣០​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៥ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​០៤​នាក់ មធ្យោបាយ​រថយន្ត​០១​គ្រឿង ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ លឹ​ម ហាក់ ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស សរុប​កម្លាំង​ចំនួន​០៨​នាក់ បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​០១​នាក់ ឈ្មោះ ចាន់ ផ​ល្លី​ន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​(​ប្រធាន​សាខា​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧) អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​ភូមិ​រំចេក​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ តាម​អំណាច​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៣៣/០២១ ចុះ​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២១ ចេញ​ដោយ ឯកឧត្តម គឹ​ម រ័​ត្ន​ណា​រិ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដែល​បាន​ពាក់ព័ន្ធ​ក្នុង​ករណី​”​ឆបោក និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ​” ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។ សម្ភារៈ​វត្ថុ​តាង​ដកហូត​រួម​មាន៖

១/.​ទូរ​សព្ទ​ដៃ​ចំនួន​០១​គ្រឿង ម៉ាក iPhone 16 Pro Max​។
២/.​ទូរ​សព្ទ​ដៃ​ចំនួន​០១​គ្រឿង ម៉ាក Samsung ពណ៌​ខ្មៅ​លាយ​ទឹកប្រាក់​។
៣/.​ទូរ​សព្ទ​ដៃ​ចំនួន​០១​គ្រឿង ម៉ាក Vivo ពណ៌​ខ្មៅ​។

បច្ចុប្បន្ន​ជន​ត្រូវ​ចោទ ត្រូវ​បាន​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​លោក​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​នីតិវិធី​៕