បាត់ដំបង៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៤៥នាទី នៅចំណុចបឹងប្រីថ្មី ក្រុម ទី១៩ ភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីមនុស្សធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) កើតឡើងមួយលើក សាកសពជនរងគ្រោះឈ្មោះ ស សន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ តាមការបញ្ជាក់ពីក្រុមគ្រួសារបានអោយដឹងថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្ត ទើបគិតខ្លីសម្រេចចិត្តចងកនឹងខ្សែពួរជាប់ជង្រឹងទ្វារដែកបន្ទប់បញ្ចប់ជីវិតតែម្តង។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកបាណន់ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ស សន ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ