ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លើក ឡើងថា ការកើនឡើងយ៉ាងឆាប់ រហ័សនៃការបំពុលដោយប្លាស្ទិក និងសំរាមសមុទ្រ បង្កើតជាបញ្ហាបរិស្ថានយ៉ាងធ្ងន់ធ្ងរទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក និងឥទ្ធិពលអវិជ្ជមានដល់បរិស្ថាន សង្គម និងសេដ្ឋកិច្ចនៃ ការអភិវឌ្ឍប្រកបដោយចីរភាព។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកទី៤ ស្តីពីការរៀបចំផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយសំរាមសមុទ្រនៅកម្ពុជា ដែលធ្វើឡើងនៅក្រុងកំពង់ចាម ថ្ងៃទី៣១ ខែសីហានេះ ឯកឧត្តម ភាវ សុវុទ្ធី បានបញ្ជាក់ថា កត្តានេះបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមាន ទាំងការខូចខាតខឿនសេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងសមុទ្រជារៀងរាល់ឆ្នាំ ហើយ ប្រទេសកម្ពុជា ក៏កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសបានផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍នៅតាមឆ្នេរសមុទ្រ។ ឯកឧត្តម មាន ប្រសាសន៍ថា «ការងារអទិភាព ដែលយើងត្រូវគិតគូរ គឺការទទួលខុសត្រូរបស់អ្នកផលិត ការបង្កើនសមត្ថភាព និងការផ្លាស់បូរឥរិយាបថរបស់អ្នកផលិតសំរាម ការបែងចែកសំរាម ដោយគិតចាប់ពីកុមារតូចដោយបញ្ជ្រាបក្នុងវិស័យអប់រំ ដើម្បីជំរុញនូវការអប់រំផ្សព្វ ផ្សាយ និងការបង្កើនសកម្មភាព ក្នុងការរៀបចំសាលាមេត្រីភាពបរិស្ថាន អារាមមេត្រីភាព មណ្ឌលសុខភាពមេត្រីភាពបរិស្ថាន និងភូមិឃុំមានសុវត្ថិភាព»។
បើតាមការបញ្ជាក់របស់ឯកឧត្តម គឺការធ្វើទំនើបកម្មនាំការគ្រប់គ្រងសំរាម ដោយស្វែងរកនុវានុវត្តន៍ នៃការគ្រប់គ្រងសំណស់ដោយប្រើ ប្រាស់ប្រព័ន្ធកុំព្យូទ័រតាមដាន ហើយការបែងចែក ការកែច្នៃសំរាមទាំងសំរាមប្លាស្ទិកអាចលក់ទៅធ្វើជាវត្ថុធាតុដើមឡើងវិញ ឬប្រេងឥន្ធនៈ និងសំរាមសរីរាង្គដែលអាចជាជីកំបុស្តិ៍ និងការប្រើប្រាស់ឡើងវិញ។ ជាមួយគ្នានេះ ក៏ត្រូវបញ្ជ្រាបទស្សន ទានភាពជាដៃគូរាជរដ្ឋាភិបាល និងផ្នែកឯកជនទៅក្នុងខ្សែច្រវាក់នៃការ គ្រប់គ្រងសំណល់រឹង និងរាវ ព្រមទាំងបញ្រ្ជៀបផែនការសកម្មភាពគោលនយោបាយថ្មីៗនៅក្នុងយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិ បាល ឱ្យទៅក្នុងផែនការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ និងជាតិ ៕
ប្រភព៖ ក្រសួងព័ត៌មាន