ការប្រលងជ្រើសរើសមន្ត្រីជំនាញកសិកម្មឃុំ-សង្កាត់ នឹងផ្តល់អាទិភាពជូនដល់និស្សិតកសិកម្ម និងមន្ត្រីជាប់កិច្ចសន្យាដែលមានជំនាញកសិកម្មពិតប្រាកដ

0

ភ្នំពេញ៖ មន្ត្រីក្រសួងកសិកម្ម ថ្លែងថា ការប្រឡងជ្រើសរើសមន្ត្រីជំនាញកសិកម្មឃុំ-សង្កាត់ នឹងផ្តល់អាទិភាពជូនដល់និស្សិតកសិកម្មនិងមន្ត្រីជាប់កិច្ចសន្យា ដែលមានជំនាញកសិកម្មពិតប្រាកដ ដោយការជ្រើសរើសនេះធ្វើឡើងជា២ ដំណាក់កាល ពោលនៅក្នុងឆ្នាំ ២០២៤ប្រឡងជ្រើសរើស៨០០ នាក់ និងឆ្នាំ២០២៥ប្រឡងជ្រើស រើស៨០០នាក់បន្ថែម សរុបចំនួន ១៦០០នាក់ ។

លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ក្នុងនីតិកាលទី៧ ដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មីនេះ បានជំរុញឱ្យក្រសួងកសិកម្ម រៀបចំនីតិវិធីការប្រឡងជ្រើសរើសមន្ត្រីរាជការជំនាញកសិកម្មប្រមាណ១៦០០ នាក់ ដើម្បីដាក់ពង្រាយបម្រើការនៅតាមឃុំ សង្កាត់នានា ដើម្បីជួយតម្រង់ផ្លូវកសិករធ្វើដំណាំឱ្យត្រឹមត្រូវតាមស្តង់ដា ធន់នឹងការប្រែប្រួលអាកាសធាតុ និងស្រួលងាយរកទីផ្សារនាំចេញដែលបានតម្លៃខ្ពស់ ។

លោកបានបន្តថា គោលបំណងនៃការដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនេះ គឺដើម្បីឱ្យមន្ត្រីជំនាញទាំងនោះផ្តល់ការប្រឹក្សា និងបណ្តុះ បណ្តាលជំនាញធ្វើកសិកម្មដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំដៅរួចចំណែកជួយអភិវឌ្ឍន៍វិស័យកម្មកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែង និងរីកចម្រើនបន្ថែមទៀត ។ មួយវិញទៀត ក្រសួងកសិកម្ម ត្រូវជ្រើសរើសមន្ត្រីណាដែលមានជំនាញច្បាស់លាស់ ត្រឹមត្រូវ យុត្តិធម៌ ដែលអាចបម្រើផលប្រយោជន៍ជូនប្រជាកសិករពិតប្រាកដ ។

បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្តឱ្យក្រសួងកសិកម្មផ្តល់អាទិភាពដល់និស្សិតដែលរៀនជំនាញកសិកម្ម ដើម្បីផ្តល់ឱកាសឱ្យគាត់ បានប្រើប្រាស់ជំនាញដែលខ្លួនបានរៀន ក្នុងការចូលរួមអភិ វឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ។

លោក បានបន្ថែមថា រាជរដ្ឋាភិ បាលកម្ពុជា នឹងដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅគ្រប់ឃុំ-សង្កាត់នៅតាមខេត្តគោលដៅ ដែលមានអាទិភាពខ្ពស់លើវិស័យកសិកម្មទូទាំងប្រទេស ដើម្បីផ្តល់ជាប្រឹក្សា និងបណ្តុះបណ្តាលជំនាញកសិកម្មដល់កសិករ សំដៅអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សំឡេង « ក្រសួងកសិកម្មបាននិងកំពុងរៀបចំនីតិវិធីការជ្រើសរើស មន្ត្រីរាជការថ្មី ហើយត្រូវធ្វើការ មិន មែនបានក្របខ័ណ្ឌហើយធ្វើការមួយខែពីរខែឬមួយឆ្នាំពីរឆ្នាំត្រឡប់ ទៅវិញទេ គឺចង់ឱ្យគាត់ធ្វើការជួយឃុំសង្កាត់ហ្នឹងឱ្យមានការរីកចម្រើន ហើយត្រូវជ្រើសយកអ្នកមានឆន្ទៈនិងមានសមត្ថភាពច្បាស់លាស់ » ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានប្រកាសត្រៀមកញ្ចប់ថវិកា១០០ លានដុល្លារ សម្រាប់ត្រៀមអន្តរា គមន៍លើកសិផល និងផលិតផលកសិកម្មរបស់ប្រជាកសិករ ដូចជាស្រូវ អង្ករ និងបន្លែផ្សេងៗ នៅពេលផលិតផលទាំងនោះ ជួបបញ្ហាធ្លាក់ថ្លៃ និងបញ្ហាខ្វះទីផ្សារ ។ កញ្ចប់ថវិកានេះ ក៏នឹងប្រើប្រាស់ក្នុងការងារចាំបាច់ ពាក់ព័ន្ធវិស័យកសិកម្មមួយ ចំនួនទៀត របស់រាជរដ្ឋាភិបាលផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន