បរទេស៖ រដ្ឋាភិបាលថៃគ្រោងនឹងបម្រុងថវិកាជាង ១១ប៊ីលានបាត (ជាង ៣២០លានដុល្លារអាម៉េរិក) ដើម្បីឧបត្ថម្ភធនដល់ប្រជាជនដែលមានចំណូលទាបដើម្បីបង់ថ្លៃអគ្គិសនីរបស់ពួកគេសម្រាប់រយៈពេល ៤ខែ ដោយចាប់ផ្តើមចាប់ពីខែឧសភាខាងមុខនេះ។
ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បញ្ហានេះត្រូវតែបញ្ជូនទៅគណៈកម្មការរៀបចំការបោះឆ្នោត (EC) ដើម្បីពិចារណា មុនពេលមានសេចក្តីសម្រេចចុងក្រោយ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែមេសា នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ប្រាយុធ ចាន់អូចា (Prayut Chan-o-cha) បាននិយាយថា រដ្ឋាភិបាលកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហាថ្លៃអគ្គិសនីសម្រាប់គ្រួសារប្រជាជន។
យោងតាមផ្នែកទី១៦៩ នៃរដ្ឋធម្មនុញ្ញថៃបានចែងថា ការបម្រុងថវិកាសម្រាប់ការសង្គ្រោះបន្ទាន់ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីដែលចេញបន្ទាប់ពីការរំលាយសភាត្រូវតែមានការអនុម័តដោយទីភ្នាក់ងារបោះឆ្នោតជាមុនសិន។
នៅពេលមុននេះ រដ្ឋាភិបាលថៃបានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៣,២ប៊ីលានបាតហើយសម្រាប់ក្រុមងាយរងគ្រោះ ដូចជាអ្នកដែលមានប្រាក់ចំណូលទាប និងគ្រួសារដែលប្រើប្រាស់អគ្គិសនីតិចជាង ៣០០យូនីតក្នុងមួយខែចាប់ពីខែមករាដល់ខែមេសា។ ពួកគេក៏ទទួលបានការកាត់ពន្ធលើតម្លៃប្រេងមុននឹងការគណនាពន្ធតម្លៃបន្ថែមផងដែរ។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក អានុចា ប៊ូរ៉ាប៉ាចៃស្រ៊ី (Anucha Burapachaisri) បានឱ្យដឹងថា ផែនការឧបត្ថម្ភធននឹងអនុវត្តចំពោះគ្រួសារដែលប្រើប្រាស់អគ្គីសនីតិចជាង ៣០០យូនីតក្នុងមួយខែ។ លោកបាននិយាយបន្តថា អ្នកដែលប្រើប្រាស់អគ្គីសនីចាប់ពី ១-១៥០យូនីតក្នុងមួយខែនឹងទទួលបានការកាត់បន្ថយចំនួន ៩២,០៤សេនបាតថៃ (០,០២៦ដុល្លារអាម៉េរិក) ក្នុងមួយយូនីត ខណៈដែលអ្នកដែលប្រើប្រាស់ចាប់ពី ១៥១-៣០០យូនីតនឹងត្រូវបានកាត់បន្ថយចំនួន ៦៧,០៤សេនបាតថៃក្នុងមួយយូនីត។
ថវិកាប្រមាណ ៧,៦ប៊ីលានបាតនឹងត្រូវដកចេញពីថវិកាជាតិឆ្នាំ២០២៣ សម្រាប់គោលបំណងសង្គ្រោះបន្ទាន់ដើម្បីផ្តល់ហិរញ្ញប្បទានដល់ផែនការ ហើយគ្រួសារប្រហែល ១៨,៣៦លាននឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន